
សង្គម
ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៣នេះ ប៊ូសស្រ្តងបានរៀបចំកម្មវិធីស្វែងរកបុរសខ្លាំងជាជ័យលាភី ឈ្នះរង្វាន់ឡានថ្មី ១គ្រឿង ក្នុងមហាព្រឹត្តិការណ៍បីស្រ្តីពិភពលោក២០២៣ ដែលព្រឹត្តិការណ៍ប្រកួតប្រជែងបុរសលើកបីស្រ្តីបានយូរបំផុត បីដោយសេចក្ដីពេញចិត្ត បីដោយសេចក្ដីស្រលាញ់ពេញបេះដូង បានស្វែងរកឃើញនូវជើងខ្លាំងបីបានយូររហូតដល់ទៅ៨ម៉ោង និង១៧នាទី។
ជ័យលាភីលេខមួយនោះបានទៅលើបេក្ខជន យឹម សំអុល មកពីឈូកវ៉ាពីរ ហើយក៏ត្រូវបានគេស្គាល់ថាជាអ្នកស្រុកនៅខេត្តតាកែវ ឯកីឡាករល្បីឈ្មោះ ព្រំ សំណាងជាប់លេខ២ តស៊ូបានខ្វះបន្តិច៨ម៉ោង តែកម្មវិធីបានប្ដូរពីរង្វាន់ម៉ូតូ មកជាឡាន ដូចទៅនឹងកីឡាករលេខ១ដែរ ដូច្នេះត្រូវបានឡានទាំងពីរនាក់នេះតែម្ដង។
នេះអាចថាជាលទ្ធផលអស្ចារ្យស្មានមិនដល់ បើមនុស្សធម្មតាគ្រាន់តែឈរម្នាក់ឯង រយៈពេល២ ទៅ៣ម៉ោងចុករោយជើងបាត់ទៅហើយ ចុះនេះទម្រាំពួកគាត់អាចតស៊ូបានរហូតដល់ទៅជាង៨ម៉ោង បីមនុស្សស្រីដែលខ្លួនស្រលាញ់ មិនអាចទៅបន្ទប់ទឹកបាន គឺតម្រូវឱ្យនៅតែក្នុងរង្វង់ធំជាងខ្លួនបន្តិចហ្នឹង។
មកមើលវីដេអូផ្ទាល់វិញមហាជនរំភើបជំនួសពួកគាត់ ដែលបានបំបែកកំណត់ត្រាអស្ចារ្យនេះ អ្វីដែលមហាជនកត់សម្គាល់នោះគឺបេក្ខជន យឹម សំអុល មិនមានការហ្វឹកហាត់ដូចកីឡាករព្រំ សំណាង ទេ តែលោកអាចតស៊ូបាន ដែលពិតជាគួរឱ្យសរសើរខ្លាំងណាស់។













