សង្គម
អាម៉ាប៉ាប៉ាញ៉ូសពិតជាមិនងាយរកបានកូនប្រសារល្អបែបនេះទេតារាកំប្លែង នាយពាក់មី មិនត្រឹមចំណាយ ថវិកាផ្ទាល់ខ្លួនធ្វើគេហដ្ឋានថ្មីយ៉ាងស្កឹមស្កៃជូនឪពុកម្តាយក្មេកទេថែមទាំងរៀបចំពិធីឡើងយ៉ាងអធិកអធមដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាអ្នកមានមុខមាត់នៅក្នុងសង្គម ជាច្រើនថែមទៀត។
គេចាំបានថាក្រោយពីបានសាងសង់ផ្ទះដ៏ស្កឹមស្កៃជូនឪពុកម្តាយបង្កើតរបស់ខ្លួនឯស្រុកកំណើតខេត្តស្វាយរៀងមួយរយៈមក តារាកំប្លែង នាយពាក់មី ក៏បានងាកមកធ្វើផ្ទះជូនឪពុកម្តាយ របស់អ្នកនាង កាច្រឹប ជាភរិយាដែលមានទីតាំងនៅអ្នកលឿងវិញម្តង ។ បើតាមការរៀបរាប់ របស់តារាកំប្លែងរូបនេះបានឱ្យដឹងថាផ្ទះរបស់ឪពុកម្តាយក្មេកលោកគឺលោកជាអ្នកចេញប្លង់ដោយខ្លួនឯងហើយទំនេរពីការងារសិល្បៈលោកតែងមកធ្វើដោយសារខ្លួនធ្លាប់ជាកម្មករសំណង់ស្រាប់ ។
អ្វីដែលកត់សម្គាល់ក្រោយសាងសង់រួចរាល់ផ្ទះរបស់ឪពុកម្តាយក្មេក នាយ ពាក់មី ពិតជាស្កឹមស្កៃ និងស្រស់ស្អាតជាខ្លាំង តែយ៉ាងណាតារាកំប្លែងដែលមាន វោហាស៍ ចាក់ទឹកមិនលិចរូបនេះមិនបានទម្លាយច្បាស់លាស់ពីទំហំថវិកាក្នុងការសាងសង់ឡើយ ។ មានការលើកឡើងថាការចំណាយមិនតិចម៉ឺនដុល្លារនោះទេ។
មិនត្រឹមយកថវិកាផ្ទាល់ខ្លួនសាងសង់ផ្ទះជូនអ្នកមានគុណប៉ុណ្ណោះទេ នាយពាក់មី និង ភរិយា ថែមទាំងបានរៀបចំពិធីឡើងគេហដ្ឋានយ៉ាងអធិកអធមដោយមានការអញ្ជើញមិត្តភក្តិក្នុង និងក្រៅសិល្បៈចូលរួមយ៉ាងកុះករនៅក្នុងពិធីនេះកាលពីថ្ងៃទី ២៦ម្សិលមិញនេះ ។
ទិដ្ឋភាព នៅក្នុងពិធីមានលក្ខណៈសប្បាយរីករាយនឹងអធិកអធមជាខ្លាំងហើយក្នុងនោះក៏មានការលាន់មាត់សរសើរដល់សំណាងរបស់ឪពុកម្តាយក្មេក នាយពាក់មី ដែលមានកូនប្រសារល្អបែបនេះ ។ ខ្លះទៀតក៏បានសរសើរដល់ទឹកចិត្តរបស់ នាយពាក់មី ដែលមានភាពកត្តញ្ញូដល់អ្នក មានគុណមិនថាអ្នកមានគុណបង្កើតឬជាអ្នកមានគុណរបស់ភរិយាខ្លួនឡើយ៕