ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចុះហត្ថលេខាលើលិខិតបង្ហាញសុឆន្ទៈ (Letter of Intent) ជាមួយក្រុមការងារស្រាវជ្រាវអាល្លឺម៉ង់ លើគម្រោងកសាងគុណភាពជីវិតរបស់ប្រជាជនប្រកបដោយចីរភាពនៅកម្ពុជា ក្រោមកិច្ចសហការនិងការសម្របសម្រួលរបស់សាលារាជធានីភ្នំពេញ និងឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ និងនំាមកនូវស្ដង់ដាគុណភាពរស់នៅបែបទីក្រុងបៃតងស្អាតអេកូឡូស៊ី ដែលត្រូវបានធ្វើឡើងនៅទីតាំងអគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល ស្ថិតនៅក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ពិធីចុះហត្ថលេខាលើលិខិតបង្ហាញសុឆន្ទៈ គឺត្រូវបានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលា «គម្រោងលំនៅដ្ឋានដែលមានចីរភាពសម្រាប់ប្រជាជនកម្ពុជា (Build4People)» ដែលមានវត្តមានចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ឯកឧត្តម ស្ទេហ្វាន ម៉េសឺរឺ (Stefan Messerer) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សាស្រ្តាចារ្យ ក្រុមការងារស្រាវជ្រាវអាល្លឺម៉ង់ និងសិស្សានុសិស្សជាច្រើននាក់ទៀតផងដែរ។ ការអនុវត្តគម្រោងកសាងគុណភាពជីវិតរបស់ប្រជាជនប្រកបដោយចីរភាពនៅកម្ពុជានេះ គឺចាប់ផ្ដើមតាំងពីពាក់កណ្តាលឆ្នាំ២០១៩មក រហូតគម្រោងនេះបានឈានដល់ដំណាក់កាលទី២ នៃការសម្រេចបាននូវការចុះហត្ថលេខាលើលិខិតបង្ហាញសុឆន្ទៈ រវាងក្រុមហ៊ុន ប៉េង ហួត គ្រុប និងគម្រោង Build4People ដើម្បីសហការ និងគាំទ្រដល់ការអនុវត្តគម្រោង តាមរយៈការបង្កើតជា Ecocity Transition Lab ដែលនឹងចូលរួមក្នុងការចែករំលែកបទពិសោធន៍ក្នុងការរចនា ឌីហ្សាញ គំរូផ្តួចផ្តើមថ្មីៗពាក់ព័ន្ធនឹងសុខុមាលភាព បរិស្ថានរស់នៅល្អ ការគិតគូរពីប្រព័ន្ធអេកូឡូស៊ី ដែលជាគំរូដ៏ល្អមួយសម្រាប់ការអភិវឌ្ឍនៅតាមតំបន់ដទៃទៀតនៃរាជធានីភ្នំពេញ។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ បានលើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍លំនៅឋានទាំងឡាយនៅក្នុងរាជធានីភ្នំពេញ ឱ្យផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រកបដោយចីរភាព និងគិតគូរឱ្យបានម៉ត់ចត់ពីប្រព័ន្ធអេកូឡូស៊ីទីក្រុង សំដៅយ៉ាងណា កសាងបរិស្ថានរស់នៅជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ដែលក្នុងនោះ បុរីប៉េង ហួត (បឹងស្នោ) អនុវត្តបានយ៉ាងល្អប្រសើរលើការងារនេះ។ ឯកឧត្តមក៏បានបញ្ជាក់អំពីការអភិវឌ្ឍ ទីក្រុងភ្នំពេញ ដែលមានការអភិវឌ្ឍយ៉ាងខ្លាំងតាមបែបទូលាយនិងស៊ីជម្រៅក្នុងនោះព្រំប្រទល់រដ្ឋបាលរបស់រាជធានីភ្នំពេញ បានពង្រីកពី 387 km2 ទៅដល់ទំហំ 692,46 km2 ស្មើនឹង 0,38% នៃផ្ទៃដីសរុបទូទាំងប្រទេស។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំបំបែកទៅជារដ្ឋបាល ខណ្ឌ 14 សង្កាត់ 105 និង ភូមិ 953 ភូមិ ដែលមានប្រជាពលរដ្ឋរស់នៅទាំងអចិន្ត្រៃយ៍ និង មិនអចិន្ត្រៃយ៍ប្រមាណ ៣ លាននាក់ ក្នុងអត្រាកំណើន 4,9%ក្នុងមួយឆ្នាំ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ក៏បានសម្ដែងនូវចំណាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមនិយាយដោយស្មោះត្រង់ថា នេះជាលើកទីមួយរបស់ខ្ញុំដែលបានមកកាន់ទីនេះ ហើយខ្ញុំមានការចាប់អារម្មណ៍ស្រស់ស្រាយយ៉ាងខ្លាំង ដែលខ្ញុំនឹកស្មានមិនដល់ថាមានការរស់នៅដែលប្រកបដោយគុណភាពល្អបែបនេះនៅ ក្នុងរាជធានីភ្នំពេញនោះទេ។ នេះជាហេតុផលដែលខ្ញុំសប្បាយចិត្តជាខ្លាំងដែលបុរី ប៉េង ហួត បើកទូលាយក្នុងការសហការជាមួយក្រុមការងារស្រាវជ្រាវអាល្លឺម៉ង់ Build4People និងដៃគូស្រាវជ្រាវក្នុងស្រុក ដើម្បីចូលរួមបង្កើតទស្សនវិស័យដ៏អស្ចារ្យដើម្បីធ្វើឱ្យរាជធានីភ្នំពេញក្លាយជាទីកន្លែងមួយដែលប្រសើរជាងមុន»។ ឯកឧត្តម បានបន្តទៀតថា នេះគឺជាអ្វីដែលយើងទាំងអស់គ្នាត្រូវការនូវសម្ព័ន្ធភាពដែលពោរពេញប្រកបដោយភាពច្នៃប្រឌិតបែបនេះ រវាងវិស័យឯកជន និងវិស័យស្រាវជ្រាវ ដើម្បីសម្រេចបាននូវការផ្លាស់ប្តូរផ្លាស់ប្តូរឆ្ពោះទៅរកការអភិវឌ្ឍទីក្រុងប្រកបដោយដោយចីរភាព និងនិរន្តរភាពបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានោះដែរ លោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប បានលើកឡើងថា៖ «រយៈពេលជាង១៧ឆ្នាំមកនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែបន្តរៀនសូត្រនូវអ្វីៗដែលថ្មី ដើម្បីពង្រឹងនិងពង្រីកការអភិវឌ្ឍគម្រោងលំនៅឋានរបស់យើងឱ្យកាន់តែល្អប្រសើជានិច្ច ខណៈរាល់ការអភិវឌ្ឍគម្រោងនិមួយៗ យើងតែងតែផ្ដោតយ៉ាងសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធបៃតង ដើម្បីនំាមកនូវស្ដង់ដាគុណភាពរស់នៅប្រកបដោយផាកសុខភាព សុវត្ថិភាព និងភាពសុខដុមរមនាដល់អតិថិជន។» លោកឧកញ៉ា ក៏បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះកិច្ចសហប្រតិបត្តិការចូលរួមក្នុងគម្រោងសិក្សាអភិវឌ្ឍទីក្រុងបៃតងស្អាតនៅកម្ពុជានេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រុមការងារស្រាវជ្រាវអាល្លឺម៉ង់ ដើម្បីលើកកម្ពស់ស្ដង់ដាគុណភាពទីក្រុងបៃតងស្អាត និងគុណភាពរស់នៅសម្រាប់ប្រជាជនផងដែរ ព្រមទាំងសំដែងនូវអំណរគុណដល់ កិច្ចសហការនិងការសម្របសម្រួលរបស់សាលារាជធានីភ្នំពេញ និងក្រុមការងារស្រាវជ្រាវអាល្លឺម៉ង់ ជាពិសេសក្នុងការជ្រើសរើសតំបន់ច្បារអំពៅ និង បុរី ប៉េង ហួត ជាទិសដៅអភិវឌ្ឍទីក្រុងបៃតងស្អាតបែបអេកូឡូស៊ី នាពេលអនាគត់។
សូមបញ្ជាក់ផងដែរ គម្រោងកសាងគុណភាពជីវិតរបស់ប្រជាជនប្រកបដោយចីរភាព (Build4People) នេះគឺជាហិរញ្ញប្បទានរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលមានក្រសួងអប់រំ និងស្រាវជ្រាវអាលឺម៉ង់ជាសេនាធិការ ក្រោមកិច្ចសហការ និងការចូលរួមចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយបញ្ហាប្រឈម និងបានចូលរួមគូសវាសផែនការអនាគតរបស់រាជធានីភ្នំពេញ ជាពិសេសនៅតំបន់ច្បារអំពៅ ដែលជាតំបន់មួយមានកំណើនប្រជាជនកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់៕