សិល្បៈ
តាគល់បើតាមគម្រោងតារាកំប្លែងសម្បូរវោហាស៍នាង ខ្ញុង និងស្វាមីលោក កៃដ រួមនឹងតារាមួយចំនួនទៀតត្រៀមបង្ហាញវត្តមាននៅក្នុងការប្រគំតន្ត្រីនៅប្រទេសកូរ៉េខាងត្បូងនៅក្នុងថ្ងៃទី ០៩ ខាងមុខនេះ ។ ការបង្ហាញវត្តមានរួមគ្នារបស់ប្តីប្រពន្ធអ្នកកំប្លែងគូនេះហាក់បង្ហាញថាពួកគេ ត្រូវរ៉ូវគ្នាវិញក្រោយរកាំរកូសនាពេលកន្លងមក ។
ថ្មីៗនេះតារាកំប្លែង ខ្ញុង បានបង្ហាញរូបភាពជាមួយស្វាមីរួមនឹងការបញ្ជាក់ថា«ថ្ងៃថ្មីខែថ្មី ការងារថ្មី ជួបគ្នាឆាប់ៗណាបងប្អូននៅប្រទេសកូរ៉េ ខ្ញុំទាំងពីរនាក់ប្ដីប្រពន្ធនិងសិល្បករសិល្បការិនីជាច្រើនទៀតនិងធ្វើឲ្យបងប្អូនបានសើចសប្បាយ។ក្នុងឱកាសឆ្នាំថ្មីខាងមុខនេះអរគុណសម្រាប់ការគាំទ្រ»។ ការបង្ហាញវត្តមានរបស់អ្នកទាំងពីររួមគ្នាបានធ្វើឱ្យមហាជនជាមានការត្រេកអរនិងជូនពរឱ្យអ្នកទាំងពីរមានសុខសុវត្ថិភាពសម្រាប់ការចេញទៅកម្សាន្តនៅប្រទេសកូរ៉េនាពេលប៉ុន្មានថ្ងៃខាងមុខនេះ។
គេចាំបានថាកាលពីមួយរយៈមុនជីវិតប្តីប្រពន្ធរបស់នាង ខ្ញុង តែងបង្ហាញ ភាពរកាំរកូស ញឹកញាប់ដោយចុងក្រោយនេះ នាងខ្ញុង ថែមទាំងប្រកាសក្តែងៗថាបាត់បង់ផ្ទះហើយបាត់បង់ប្តី ទៀត ។ តែយ៉ាងណាកាលលើកឡើងរបស់តារាកំប្លែងដ៏មានប្រជាប្រិយភាពរូបនេះក៏ត្រូវបាន មហាជនខ្លះជឿខ្លះគិតថាជាការសម្តែងយកប្រជាប្រិយភាពទៅវិញ ។ ប៉ុន្តែយ៉ាងណាពេលនេះកាន់តែបញ្ជាក់ថាប្តីប្រពន្ធ ខ្ញុង មិនមានបញ្ហាអ្វីឡើយ ។
ចុងក្រោយនេះតារាកំប្លែងដែលមានឈ្មោះ កំណើតថា ស្រេង សុកាន់ដា នោះកាន់តែឡើងកូដដោយនាងមានទីផ្សារការងារជាថ្មីដែលមានទាំងការកំប្លែង ច្រៀងកាត់សក់ ថតស្ប៉ត ហើយនាងក៏ទើបទទួលតំណែងជាអ្នកតំណាងឱ្យផលិតផលមួយថែមទៀត ។ គេជឿជាក់ថា តាមរយៈការងារជាច្រើននេះតារាកំប្លែង ខ្ញុង នឹងអាចដោះខ្លួនពីបំណុលនៅក្នុងពេលឆាប់ៗខាងមុខនេះ៕