ម្ដាយមិនបំពេញបំណងជូនកូន រឿងទិញម៉ូតូមុនចូលឆ្នាំថ្មី កូនក៏ធ្វើសកម្មភាពដុតផ្ទះតែម្ដង បណ្ដាលឱ្យឆេះផ្ទះមួយខ្នងស្ទើរទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិជាច្រើនកាលពីថ្ងៃ ទី០៩ ខែមេសា ម៉ោង១២:៤៥នាទី នៅភូមិចាស់ ឃុំពេជមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ផ្ទះត្រូវអគ្គិភ័យឆាបឆេះមានទំហំ៨×៩ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង មានជញ្ចាំងក្ដា ឈេីលេី ថ្មខាងក្រោមរៀបឥដ្ឋ កម្មសិទ្ធិឈ្មោះ ឆឹង លីម ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិឃុំខាងលើ ខូចខាតទូរសំលៀកបំពាក់ ស្រូវចំនួន៨បាវ និងសម្ភារៈមួយចំនួនទៀត។
បើយោងតាមសាក្សី និងជាអ្នកឃេីញហេតុការណ៍ដំបូងឃេីញមានបុរសម្នាក់បានធ្វេីសកម្មភាពដុតផ្ទះតែម្ដង បុគ្គលនោះមានឈ្មោះខឿន សុភីន ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាកូនបង្កើត តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងទៀតថា កូនដែលុដុតផ្ទះខ្លួនឯងគឺជាមនុស្សមានសតិគ្រប់គ្រាន់ មិនមែនជាជនមានវិបល្លាសស្មារតីទេ ។
តាមការបញ្ជាក់ពីក្រុមគ្រួសារ និងអ្នកជិតខាង មូលហេតុដែលនាំឱ្យកូនហ៊ានលេីកដៃយកភ្លេីងដុតផ្ទះខ្លួននេះ គឺមកពីម្ដាយមិនបំពេញបំណងជូនកូន ទិញម៉ូតូមុនចូលឆ្នាំ។
ក្នុងហេតុការណ៍អគ្គិភ័យនេះសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០១គ្រឿង អស់ទឹកចំនួន០២ឡាន។ បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបង្កមកសាកសួរនិងចំណាត់ការតាមនីតិវិធី៕