សម្តេចតេជោ ហ៊ុន សែនចេញអនុក្រឹត្យបញ្ចប់មុខតំណែង លោក បែល វ៉ាន់ដែត ពីអគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។ ការបញ្ចប់មុខតំណែងនេះធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចមិនឃុំខ្លួនជនត្រូវចោទដែលជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ពីបទគំរាមសម្លាប់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតនេះ។

តាមរយៈសារតេលេក្រាមសម្ដេចតេជោ ក៏បានព្រមានចំពោះមន្ត្រីទាំងអស់កុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយ ជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់។ សារដែលសម្ដេចតេជោបានបង្ហោះអនុក្រឹត្យបញ្ចប់មុខតំណែង ជាមួយការបញ្ជាក់បែបនេះថា៖

« បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេ ទុកឲ្យខ្ញុំដាក់វិន័យតាម ផ្លូវរដ្ឋសិន។ អាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ។ នេះជាសារព្រមានចំពោះមន្ត្រី ទាំងអស់សូមកុំអាងអំណាចធ្វើ បាបអ្នកទន់ខ្សោយជាពិសេស សូមកុំប្រើប្រាស់អាវុធខុសច្បាប់។ សូមរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការសូមកុំឲ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់បាននៅក្រៅឃុំ មុនពេលកាត់ទោសដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត។»

សូមបញ្ជាក់ថា ករណីគំរាមសម្លាប់នេះ កើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត Land Rover ពណ៌ស និងរថយន្ត Ford Ranger ពណ៌ខ្មៅ រហូតធ្វើឲ្យម្ចាស់រថយន្ត Land Rover ខឹងជិះតាមដល់មុខផ្ទះ និងដកកាំភ្លើងភ្ជង់លើម្ចាស់រថយន្ត Ford Ranger តែម្តង កាលពីវេលាម៉ោង៨ និង២៤យប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្នុងបុរីជីបម៉ុង ផ្លូវលេខ៥៩៨ សង្កាត់ច្រាំចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយជនបង្កក្នុងហេតុការណ៍នោះ ឈ្មោះ បែល វ៉ាន់ដែត អាយុ៣៨ឆ្នាំ ត្រូវនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនតាមពាក្យបណ្តឹង ។

ភាគីទាំងពីរបានព្យាយាមសម្របសម្រួលបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ តែមិនបានបញ្ចប់ទើបនគរបាលសម្រេចកសាងសំណុំរឿងមកតុលាការ រួចបញ្ចូលទៅតុលាការតែម្ដង។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor