មានការចាប់អារម្មណ៍ជាខ្លាំងក្រោយបាត់មុខពីសិល្បៈមួយរយៈស្រាប់តែតារាសម្តែងរូបសង្ហា លោក បញ្ញា សិទ្ធ បានប្រកាសសុំជំនួយដើម្បីជួយដល់អ្នកម្តាយដែលកំពុងមានជំងឺនឹងត្រៀមទៅវះកាត់នៅប្រទេសថៃ ។ ក្នុងនោះតារាសម្តែងរូបសង្ហានេះបានបញ្ជាក់ថាលោកលែងខ្មាស់អៀនហើយព្រោះសព្វថ្ងៃលោកអស់លទ្ធភាពហើយ ។
លោក បញ្ញា សិទ្ធ ត្រូវបានគេស្គាល់ថាជាតារាសម្តែង និងចម្រៀងរូបសង្ហាម្នាក់ហើយកន្លងមកលោកតែងបង្អួតសាច់ដុំនិងសាច់សខ្ចីស្រីៗល្មមសុំខ្មាស់តាមបណ្តាញសង្គម ។ ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះលោកមិនមានវត្តមាននៅក្នុងអាជីពសិល្បៈឡើយ តែលោកបានបង្ហាញមុខនៅក្នុងប្រទេសជិតខាងដែលមានដូចជាប្រទេសថៃ សិង្ហបុរី និងម៉ាឡេស៊ីជាដើម ។ គេចាំបានថាមួយរយៈមុនលោកថែមទាំងប្រកាសថាបញ្ចប់អាជីពសិល្បៈថែមទៀតផង ។ ប៉ុន្តែសុខៗលោក បញ្ញា សិទ្ធ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលក្រោយឃើញលោកប្រកាសសុំជំនួយដើម្បីយកម្តាយទៅវះកាត់នៅប្រទេសថៃ ។
ជាមួយនឹងរូបភាពរបស់អ្នកម្តាយលោក បញ្ញ សិទ្ធ បានបង្ហោះសារថា«ខ្ញុំសូមអរគុណបងបង នឹង មិត្តៗ សិល្បៈ ដែលនៅរាប់អានខ្ញុំ ពេលនេះខ្ញុំអស់លទ្ធភាពដែលមើលគាត់ដោយសារវាយូឆ្នាំមកហើយ កំរងនោម នឹង ពោះវៀន នឹងជំងឺជាច្រើនទៀតដែលខ្ញុំបានមើលថែគាត់ដោយខ្ញុំផ្ទាល់ អស់រយៈពេលជាង 10 ឆ្នាំ ពេលនេះខ្ញុំត្រូវកាលុយមួយចំនួនយកគាត់ទៅវះកាត់នៅប្រទេសថៃ នៅថ្ងៃ 25/4/2023 នេះ នៅមានកាខ្វះខាតច្រើន។មានតែទឹកចិត្តបងបង នឹង មិត្តសិល្បៈទេដែលជួយម្តាយខ្ញុំបាន ព្រោះខ្ញុំគ្មានលទ្ធភាពបន្តទៀតទេ ខ្ញុំលះបង់កាអៀនខ្មាស់សំរាប់ជីវិតម្តាយខ្ញុំ ។ តាមទឹកចិត្តរបស់បងបង ABA : 001109747 ka panhasith»។
ជាមួយគ្នានេះប្រុសស្អាត បញ្ញា សិទ្ធ បានបញ្ជាក់ថាលោកមកធ្វើការនៅឆ្ងាយដើម្បីសន្សំប្រាក់ទុកវះកាត់ជូនអ្នកម្តាយ ។ សព្វថ្ងៃនេះលោក បញ្ញា សិទ្ធ កំពុងរស់នៅប្រទេសថៃដែលលោកអះអាងថានឹងត្រឡប់មកស្រុកខ្មែរនៅឆ្នាំ ក្រោយ ២០២៤ ។ការលើកឡើងរបស់តារាប្រុសរូបនេះបានធ្វើឱ្យអ្នកគាំទ្រមិនតិចទេភ្ញាក់ផ្អើលព្រោះមិនធ្លាប់ដឹងថាលោកជួបការលំបាកបែបនេះសោះ។ ជាមួយគ្នានោះគេក៏បានឃើញតារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី បានជួយឧបត្ថម្ភដល់លោក បញ្ញា សិទ្ធ ចំនួន ១០០ដុល្លារផងដែរ៕