ត្រលប់មកស្រុកខ្មែរលើកនេះតារាសម្តែង សារាយ សក្ខណា នៅតែមិនខកបំណងព្រោះអ្នកនាងនៅតែមានទីផ្សារនៅក្នុងអាជីពសិល្បៈបើទោះមានតារាក្មេងៗរីកដុះដាលព្រោងព្រាតក៏ពិតមែន ។ ដោយសារតែមូលហេតុនេះហើយទើបតារាសម្តែងកូនពីររូបនេះសម្រេចនាំស្វាមី និងកូនប្រុសស្រីមកស្រុកខ្មែរមួយរយៈហើយពេលនេះអ្នកនាងថែមទាំងចុះឈ្មោះឱ្យកូនៗបន្តការសិក្សានៅទីនេះទៀតផង ។
សម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរលើកនេះតារាសម្តែង សារាយ សក្ខណា ក៏បានបង្ហាញវត្តមានជាមួយតារាស្រីប្រុសជាច្រើនដួងនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាបយ៉ាងរីករាយ ។ ក្រៅពីនេះអ្នកនាងក៏បានត្រៀមខ្លួនក្នុងការថតស្ប៉តពាណិជ្ជកម្មនិងរឿងមួយចំនួនទៀតផង ដោយសារអាជីពសម្តែងនៅតែមានហាងឆេងទើបតារាសម្តែងសម្បុរស្រអែម រូបនេះមិនទាន់ចង់ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ ក្រៅពីនេះអ្នកនាងក៏ត្រៀមបោះទុនបង្កើត ជំនួញបន្ថែមពីលើជំនួញជាច្រើននៅក្នុងស្រុកខ្មែររបស់អ្នកនាង និងស្វាមី ។
អ្វីដែលកត់សម្គាល់ត្រឡប់មកស្រុកខ្មែរលើកនេះតារាសម្តែង សារាយ សក្ខណា ហាក់មិនទាន់បង្ហាញពីពេលវេលាជាក់លាក់ក្នុងការត្រឡប់ទៅសហរដ្ឋអាមេរិកវិញឡើយ ។ប៉ុន្តែយ៉ាងណានាងទទួលបានការពេញចិត្តពីសំណាក់ស្វាមីលោក មេត្រី ក្នុងការមករស់នៅស្រុកខ្មែរនឹងសម្តែងរឿងជាថ្មីឡើងវិញ ។ មួយវិញទៀតសព្វថ្ងៃកូនរបស់ សារាយ សក្ខណា ក៏បានមកបន្តការសិក្សានៅក្នុងស្រុកខ្មែរដោយនាងចង់ឱ្យកូនចេះភាសាកំណើតនិងប្រវត្តិសាស្ត្រឱ្យបានច្បាស់លាស់។ ក្នុងនោះក៏មានការបង្ហើបថាមូលហេតុដែល សារាយ សក្ខណា មិនចង់នៅសហរដ្ឋអាមេរិកដោយសារនៅទីនោះក្រៅពីបំពេញតួនាទីជាមេផ្ទះនាងមិនបានប្រកបអាជីពសិល្បៈឬធ្វើអីដូចនៅក្នុងស្រុកឡើយ។
ដ្បិតមានស្វាមីនិងកូនៗដល់ទៅពីរនាក់ទៅហើយក្តី តែសម្រស់របស់ សារាយ សក្ខណា នៅតែផូរផង់ហើយអ្វីដែលគួរឱ្យសរសើរនោះអ្នកនាងនៅតែក្តោបបានតំណែងជាតួឯកស្រីថែមទៀតផង ៕