រាជធានីភ្នំពេញ ៖ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់នៃវិទ្យាស្ថានជាតិអប់រំ(NIE) នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«នេះបើឯងមិននៅស្រុកខ្មែរ បើឯងចង់សាកមើលបើឪម៉ែមិនប្រដៅទេ ថ្ងៃក្រោយអញដកចេញរួមទាំងបងប្អូនចេញពីការងារទាំងអស់កុំឲ្យហ្អែងឆ្លើយពេក ។ វាឈ្លើយហួសអាមួយនឹង(ស៊ន ដារ៉ា)វាហានដើរតួនាទី ហើយហានដាក់លក្ខខណ្ឌថា ទាល់តែបាននាយករដ្ឋមន្ត្រីហើយមកចង់ចរចាជាមួយអញ«…»និយាយឲ្យមុខក្រោយផងមានតួនាទីអី»។
សម្តេចបានលើកថា កម្រិតដែលចរចាជាមួយសម្តេចទាល់តែមានតួនាទីជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានាទើបមកចរចាបានហើយបើមានអ្នកចង់មកសុំសួរសុខទុក្ខ សម្តែងការគួរសម អូខេ ប៉ុន្តែបើមកចង់សុំចរចា គឺគ្មានទេ ។ សូម្បីតែគណបក្សនយោបាយក្នុងស្រុកគ្មានសិទ្ធមកសុំចរចាទេ តែបើអ្នកឯងសម្តែងការគួរសមខ្ញុំអាចនៅពេលមានឱកាស ។
សម្តេចបញ្ជាក់ថា៖«អត់មានរឿងអ្វីត្រូវចរចាទេ! ទី១គណបក្សនយោបាយតើចរចាគ្នារឿងអ្វីគោរពតែច្បាប់ទៅបានហើយ? ទី២.តើគេមកចរចាជាមួយនាយករដ្ឋមន្ត្រីរឿងអ្វី?ខ្ញុំមានឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់»។
សម្តេចតេជោ ក៏បានហៅ ស៊ន ដារ៉ា ជាក្មេងពាលមួយរូបផងដែរ ដែលហានដាក់លក្ខខណ្ឌ សូមចរចាជាមួយសម្តេច ។ សម្តេចបញ្ជាក់ថា ៖«ហ្អែងចង់ដឹងមើលពេលណាមួយអញហៅឪម៉ែឯងមកប្រដៅ ហៅប្អូនថ្លៃដែលកំពុងពាក់ស័ក្តិ៤ ហើយឪពាក់ស័ក្តិ៤កន្លះ អញអាចដកចោលបានទាំងអស់«ពេលហ្នឹងតាំងស្រែកថា កុំយកឪម៉ែ បងប្អូនធ្វើចំណាប់ខ្មាំង» អឺបើឯងនៅតែភ្លើអីញ្ចឹង ហើយបង្អាប់ឪពុកម៉ែបែបហ្នឹង…អានេះក្មេងព្រហើនពេកហើយ អាក្មេងពាល»។
ជាមួយគ្នានោះដែរ សម្តេចក៏បានផ្តាំទៅឪពុកម្តាយ និងបងប្អូនថ្លៃស៊ន ដារ៉ា ដែលសុទ្ធតែបាននិយាយជាវិឌីអូរួចហើយថា បើអប់រំកូន(ស៊ន ដារ៉ា)មិនបានចេញពីការងារតែម្តងទៅ ។ សម្តេចតេជោ ក៏បានលើកឡើងថា ស៊ន ដារ៉ា បានកំពុងនិយាយជ្រុលហួសថា ពេលទៅស្រុកខ្មែរទាល់តែធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីបានមកហើយតាំងខ្លួនចេះជាងមេខ្លួនទៅទៀត និងពូកែជាឪម៉ែទៅទៀត៕