នៅយប់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៣នេះ យោងតាមទំព័រហ្វេសបុកផ្លូវការរបស់ធនាគារ ABA បានលើកឡើងនូវសារជូនដំណឹងមួយជុំវិញករណីចោទប្រកាន់លើបណ្ដាញសង្គមដោយគ្មានមូលដ្ឋាន។ ក្នុងសារនោះបានលើកឡើងឱ្យដឹងថា៖
អតិថិជនជាទីគោរព!
យើងខ្ញុំសូមធ្វើបច្ចុប្បន្នភាពជុំវិញករណីចោទប្រកាន់មួយ ដែលបានកើតឡើងកាលពីថ្ងៃទី 08 ខែមេសា ដោយមានអតិថិជនម្នាក់ បានអញ្ជើញទៅសាខាធនាគារ ABA មួយកន្លែង ដើម្បីដាក់ប្រាក់នៅបញ្ជរ ហើយបានអះអាងថាបានបាត់ប្រាក់ចំនួន 1,000,000រៀល (មួយលានរៀល)។
ភ្លាមៗ បន្ទាប់ពីអតិថិជនបានតវ៉ានៅសាខា ក្រុមការងារពាក់ព័ន្ធរបស់យើងខ្ញុំ បានបង្ហាញវីដេអូជូនអតិថិជន អំពីដំណើរការនៃការរាប់សាច់ប្រាក់ពីជ្រុង (ប្លង់) ផ្សេងៗគ្នា ដោយវីដេអូនោះ បានចាប់យកសកម្មភាពទាំងស្រុង នៃការរាប់សាច់ប្រាក់របស់ក្រុមការងារ។ ប៉ុន្ដែ ពេលនោះ អតិថិជនមិនព្រមទទួលយកការបកស្រាយពីក្រុមការងារយើងឡើយ ហើយក៏បានចាកចេញពីសាខា។
នៅថ្ងៃទី 8 ខែមេសា អតិថិជនបានបង្ហោះសារនៅលើគណនីហ្វេសប៊ុក ដោយបានចោទប្រកាន់ធនាគារ ABA ហើយបំភ្លៃខុសពីហេតុការណ៍ពិត ដែលបានកើតឡើងជាក់ស្ដែង។ នៅថ្ងៃបន្ទាប់ អតិថិជនក៏បានធ្វើការផ្សាយវីដេអូផ្ទាល់ (live) នៅហ្វេសប៊ុក ដោយបន្តរៀបរាប់អំពីការចោទប្រកាន់ក្លែងក្លាយ និងបំភ្លៃការពិតនោះ។ ទោះជាធនាគារយេីងខ្ញុំបានកំណត់ថ្ងៃជួបប្រជុំជាមួយអតិថិជនរូបនេះ នៅថ្ងៃទី 10 ខែមេសា ដែលបង្ហាញពីឆន្ទៈក្នុងការដោះស្រាយបញ្ហាភាន់ច្រឡំនេះក៏ដោយ ក៏អតិថិជនរូបនេះ នៅតែបន្តបរិហារកេរ្តិ៍ រួមមានខ្លឹមសារ បញ្ចុះបញ្ចូលតាមបណ្ដាញសង្គម ឲ្យគេឈប់ប្រេីប្រាស់ធនាគារ ABA។
ធនាគារយើងខ្ញុំនៅតែប្ដេជ្ញាព្យាយាមដោះស្រាយបញ្ហាដោយសន្ដិវិធី និងបានជួបប្រជុំជាមួយអតិថិជន នៅការិយាល័យកណ្តាល នៅថ្ងៃទី 10 ខែមេសា ដើម្បីពិនិត្យករណីនេះឡើងវិញ។ បន្ទាប់ពីបង្ហាញវីដេអូ និងភ័ស្ដុតាងដែលបានរកឃើញផ្សេងៗម្ដងទៀតរួច អតិថិជនបានទទួលស្គាល់ថា ចំនួនទឹកប្រាក់ដែលបានដាក់ គឺពិតជាត្រឹមត្រូវ ហើយមិនមានបាត់បង់ប្រាក់នោះទេ។ នៅថ្ងៃដដែល អតិថិជនរូបនេះ បានផុស លិខិតសុំទោស។ ទោះយ៉ាងណា នៅថ្ងៃនេះ លិខិតនោះលែងមាននៅលើទំព័រ/គណនី ហ្វេសប៊ុក របស់គាត់ទៀតហើយ។
ជាមួយមូលដ្ឋានរឹងមាំដែលបញ្ជាក់ថា ការចោទប្រកាន់របស់អតិថិជន គឺការបំភ្លៃការពិត ហើយដោយផ្អែកលើភ័ស្ដុតាង រួមទាំងការរកឃើញផ្សេងៗដែលប្រមូលបាន បច្ចុប្បន្ននេះ ធនាគារ ABA កំពុងរៀបចំឯកសារផ្លូវច្បាប់ ក៏ដូចជាបណ្ដឹងព្រហ្មទណ្ឌទៅតុលាការ។
ស្របគ្នានេះដែរ យើងខ្ញុំ សូមរំលឹកអតិថិជនជាថ្មីម្ដងទៀត សូមធ្វើការទាក់ទងមកធនាគារ ABA តាមបណ្ដាញទំនាក់ទំនងផ្សេងៗរបស់យើងខ្ញុំ មុននឹងផុសអំពីបញ្ហាអ្វីមួយនៅលើអ៊ីនធឺណិត ឬបណ្ដាញសង្គម។ នីតិវិធីដោះស្រាយវិវាទនានារបស់ធនាគារយើង មាននៅលើវិបសាយ www.ababank.com/km/complaint/ ។ ការអះអាង និងចោទប្រកាន់ដោយបំភ្លៃការពិត និងគ្មានមូលដ្ឋាន អាចបណ្ដាលឲ្យរងវិធានការផ្នែកច្បាប់ជាធរមាន។
សូមអរគុណ!