header ads

Sponsor

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសារមួយអំពាវនាវមួយដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកគាំទ្រវិស័យកីឡា គឺសូមចៀសវាងទង្វើមិនគួរគប្បី ការបញ្ចេញមតិយោបល់លើបណ្ដាញសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់ប្រតិភូកីឡាបរទេស គ្រូបង្វឹក ឬអ្នកគាំទ្ររបស់ប្រទេសណាមួយ ធ្វើយ៉ាងណាផ្តល់នូវភាពការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ភាតរភាព និងទទួលបានអនុស្សាវរីយ៍ល្អៗខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការអំពាវនាវនេះធ្វើឡើងក្រោយពីមានបាតុភាពមួយដែលកើតឡើងរវាងអ្នកគាំទ្រកីឡាបាល់ទះកម្ពុជា ទៅកាន់ប្រតិភូបាល់ទះរបស់ប្រទេសថៃ ប្រកួតចាញ់កម្ពុជានៅពហុកីឡដ្ឋានជាតិអូឡាំពិក។

តាមរយៈទំព័រហ្វេសបុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា៖ «ទង្វើដែលមិនគួរឲ្យកើតមាន! ឈ្នះ ឬ ចាញ់ក្នុងស្មារតីកីឡាជារឿងធម្មតា តែក្នុងនាមយើងជាម្ចាស់ផ្ទះ យើងគប្បីធ្វើបដិសណ្ឋារកិច្ចនិងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសដែលអញ្ញើញមកកម្ពុជាមិនថាជាកីឡាករ គ្រូបង្វឹក ឬអ្នកគាំទ្រណានោះទេ ធ្វើយ៉ាងណាផ្តល់នូវភាពការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ភាតរភាព និងទទួលបានអនុស្សាវរីយ៍ល្អៗខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

រឿងរ៉ាវដែលនាំឲ្យមានការប៉ះពាល់ដល់សតិអារម្មណ៍ ឬការមិនពេញចិត្តណាមួយមកលើកម្ពុជារបស់យើង បែបនេះ ជាអ្វីដែលយើងគួរតែជៀសវាងឲ្យបានជាដាច់ខាត មិនថាការចូលរួមធ្វើដោយផ្ទាល់ ឬការបញ្ចេញមតិយោបល់លើបណ្តាញសង្គមនោះទេ។

យើងសង្ឃឹម ហើយជឿជាក់ថា រឿងហេតុបែបនេះនឹងមិនមានកើតឡើងជាបន្តទៀតនោះទេ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ទាំងអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ កម្ពុជាយើងបានខិតខំប្រឹងប្រែងច្រើនណាស់ ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងគណៈកម្មការរៀបចំ ទាំងសហព័ន្ធកីឡានានា ទាំងកីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់។ ដូច្នេះយើងម្នាក់ដែលជាប្រជាពលរដ្ឋខ្មែរត្រូវខ្នះខ្នែងប្រឹងប្រែង ចូលរួមដោយសប្បាយរីករាយ ក៏ដូចជាកសាងបាននូវអនុស្សាវរីយ៍ឲ្យបានច្រើនសម្រាប់ខ្លួនយើងផង និងមិត្តភក្តិបរទេសរបស់យើងផង ៕ »

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post