header ads

Sponsor

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា គោរពតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយបន្ដធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដដែល។ នេះបើយោងតាមលិខិតឆ្លើយតបដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្ហោះនាល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។ ក្នុងលិខិតនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា

«ខ្ញុំបាទសូមគោរព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ភក្តីបំផុត និងសូមគោរពបងប្អូនទស្សនិកជនស្នេហាកីឡាបាល់ទាត់កម្ពុជា ក្រុមហ៊ុនអ្នកឧបត្ថម្ភ បណ្តាញផ្សព្វផ្សាយ និងមិត្តភក្ដិបរទេសទាំងអស់ រួមនិងសេចក្តីថ្លែងការណ៍គាំទ្រអំពាវនាវ ឲ្យខ្ញុំបន្តតំណែងដឹកនាំកីឡាបាល់ទាត់កម្ពុជាពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រុមហ៊ុនអ្នកឧបត្ថម្ភ។ល។ បន្ទាប់ពីខ្ញុំបាទបានប្រកាសលាលែងតំណែង ពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីរាត្រីថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣។

ខ្ញុំសូមគោរពទទួលយក នូវការអំពាវនាវពី សម្តេចអគ្គមហាសេនាបតីតេជោ និងបងប្អូនអ្នកនិយមស្នេហាវិស័យកីឡាបាល់ទាត់ ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុនអ្នកឧបត្ថម្ភ បណ្តាញផ្សព្វផ្សាយ និងមិត្តភក្ដិបរទេសទាំងអស់ដើម្បីបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទៅតាមអាណត្តិ នៃការបោះឆ្នោតរបស់ខ្លួន។

ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់សម្ដេចតេជោ និងបងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា ខ្ញុំសូមធ្វើការអំពាវនាវ ចំពោះក្លិប សមាគមជាសមាជិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មន្ត្រី បុគ្គលិក គ្រូបង្វឹក អាជ្ញាកណ្តាល កីឡាករ ត្រូវបន្តធ្វើកំណែទម្រង់លើគ្រប់ផ្នែកដើម្បីភាពជឿនលឿនថ្មី សម្រាប់វិស័យបាល់ទាត់នៅកម្ពុជា ដើម្បីសុខភាព មិត្តភាព និងកិត្តិយសជាតិតាមរយៈការប្រកួតកីឡាបាល់ទាត់ ជាលក្ខណៈអន្តរជាតិសម្រាប់អនាគតកាល»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post