header ads

Sponsor

កូនប្រុសម្នាក់របស់អ្នកឧកញ៉ា ទ្រី ភាព ដែលមានងារជា ឧកញ៉ា ដែរនោះ ត្រូវបានគណបក្សប្រជាជនកម្ពុជា តែងតាំងឲ្យឈរឈ្មោះជាបេក្ខជនបម្រុង លំដាប់លេខរៀងទី៩ នៅមណ្ឌលខេត្តកណ្ដាល សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ។

នេះបើយោងតាមបញ្ជីផ្លូវការ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា ចេញផ្សាយដោយ គ.ជ.ប ឧកញ៉ាវ័យក្មេង ទ្រី ដាលុច កើតនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ១៩៩៤។ 

ឧកញ៉ា ទ្រី ដាលុច អាយុ២៩ឆ្នាំ ជាអគ្គនាយករងក្រុមហ៊ុន Try Pheap Group ដែលគេស្គាល់ថា ជាកូនប្រុសរបស់អ្នកឧកញ៉ា ទ្រី ភាព ខណៈអ្នកឧកញ៉ា ទ្រី ភាព ត្រូវជាឪពុក ក៏ជាគណៈពង្រឹងមូលដ្ឋាននៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ផងដែរ ។

សូមជម្រាបជូនថា លោក ទ្រី ដាលុច ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា តាំងពីនៅមានអាយុ១៩ឆ្នាំមកម៉្លេះ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣១៣/២៣៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ ។

ហើយរឿងរ៉ាវរបស់លោកដែលបង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំងនោះគឺ កាលយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ពោលគឺ២ឆ្នាំក្រោយឡើងជាឧកញ៉ា យុវជន ទ្រី ដាលុច ត្រូវបានលោក ដួង ឆាយ បង្កហិង្សាដោយទះកំផ្លៀង នៅក្នុងហាងចាក់សាក់មួយកន្លែង នៅរាជធានីភ្នំពេញ តែយ៉ាងណាក៏ដោយរឿងហេតុនេះក៏បានបញ្ចប់ជាយូរឆ្នាំមកហើយដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post