ក្រោយពីបានឃើញបទចម្រៀងជាលើកដំបូងរបស់តារាសម្តែងរូបស្រស់ ហ្វាហ្វា ភ្លាមតារាចម្រៀងដែលមានសំឡេងផ្អែមពិរោះ ប៉ាត់ សុធារ៉ា បានលើកឡើងចំៗដោយមិនទុកមុខជាចំហរស្តាប់ហើយពិតជាគួរឱ្យអស់សំណើចតែម្តង ។
ជឿជាក់ថាអ្នកគាំទ្រពិតជាបានជ្រាបហើយនឹងបានស្តាប់បទចម្រៀងរបស់តារាសម្តែងរូបស្រស់សាច់សខ្ចី ហ្វាហ្វា នៅក្នុងបទដែលមានចំណងជើងថា«ស្រឡាញ់អូនដេស»ដែលជាបទលើកដំបូងរបស់នាង ។ អ្វីដែលកត់សម្គាល់ក្នុងបទចម្រៀងនេះ ហ្វាហ្វា ក៏បានសម្តែងដោយខ្លួនឯងដោយមានការតុបតែងខ្លួនយ៉ាងសិចស៊ីគួរឱ្យទាក់ទាញដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្តការសម្តែងរបស់នាងនៅក្នុងបទនេះច្រើនជាងសំឡេង ។
ជាមួយគ្នានោះគេបានឃើញតារាចម្រៀងនិយមច្រៀងបទសម័យដើម ប៉ាត់ សុធារ៉ា បាននិយាយចំៗចំពោះការច្រៀងរបស់ ហ្វាហ្វា ថា«បិទសម្លេងមើលតែ Video បានហើយ ចំរៀងច្រៀងរកតែដោះអាវត្រនាប់ចឹងច្រៀងមិនយល់ថាបទអីមួយបទនិងបានហើយអូនស្កាយ ទៅថតរឿងវិញសមជាង»។
ជាមួយសម្តីបែបចាក់ដោតរបស់ តារាចម្រៀង ប៉ាត់ សុធារ៉ា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមអស់សំណើចគ្រប់គ្នា ។ ប៉ុន្តែយ៉ាងណាក៏មានការលើកទឹកចិត្តដល់ ហ្វាហ្វា ដែលមានភាពក្លាហានក្នុងការបកស្រាយបទចម្រៀងបើទោះជាសំឡេងមិនអំណោយផលក៏ដោយ ។ ប៉ាត់ សុធារ៉ា ត្រូវបានគេស្គាល់ថាជាតារាចម្រៀងដែលមានសំឡេងពីរោះដែលភាគច្រើនាងច្រៀងបទសម័យដើម ជាពិសេសនៅតាមពិធីមង្គលការនានា៕