ក្នុងនាមជាសិល្បការិនីខ្មែរនឹងជាភរិយារបស់រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈនោះតារាសម្តែង នៅ សូនីតា បានបោះពាក្យសម្តីធ្ងន់ៗទៅលើកីឡាករជម្រើសជាតិថៃ Jonathan ដែលបានគប់នូវមេដាយប្រាក់ និងតុក្កតារបស់ខ្លួនទៅលើអ្នកទស្សនា កាលពីយប់ថ្ងៃទី ១៦កន្លងទៅនេះ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី ១៦ ខែឧសភាយប់មិញនេះគឺជាការប្រកួតផ្តាច់ព្រ័ត្ររវាងក្រុមកីឡាឥណ្ឌូនេស៊ីនិង ក្រុមកីឡាករជម្រើសជាតិថៃនៅពហុកីឡាដ្ឋានជាតិអូឡាំពិកហើយជាលទ្ធផលក្រុមកីឡាករឥណ្ឌូនេស៊ីបានយកឈ្នះកីឡាករថៃនៅក្នុងម៉ោងបន្ថែមក្នុងលទ្ធផល ៥- ២។ ក្នុងនោះក្រុមកីឡាករឥណ្ឌូនេស៊ីទទួលបានមេដាយមាសនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្កេមលលើកទី៣២នេះ ។ ហាក់មិនពេញចិត្តលទ្ធផលទទួលបានមេដាយប្រាក់នោះកីឡាករថៃដែលមានឈ្មោះថា Jonathan បានយកមេដាយប្រាក់ដែលខ្លួនទទួលបាននឹងតុក្កតាដែលជាវត្ថុអនុស្សាវរីយ៍តំណាងឱ្យការប្រកួតស៊ីហេ្គមគប់ទៅលើអ្នកទស្សនាដោយនិយាយក្នុងបទសម្ភាសថាខ្លួនមិនពេញចិត្តចំពោះលទ្ធផលដែលទទួលបាន។
ទង្វើមិនសមរម្យរបស់កីឡាករថៃរូបនេះត្រូវបានតារាសម្តែង នៅ សូនីតា បានបញ្ចេញយោបល់ថា«តុក្កតានិងមេដាយអ្នកឯងបោះចោលយប់មិញខ្ញុំសំរេចចិត្តថារើសយកមកទុកវិញមានន័យថាអ្នកមកលេងផ្ទះខ្ញុំហើយអ្នកបានយករបស់មានតំលៃក្នុងផ្ទះខ្ញុំបោកចោលទាំងដែលខ្ញុំមិនមានរឿងអ្វីជាមួយអ្នកទាល់តែសោះនៅចំពោះមុខខ្ញុំ នេះបញ្ជាក់អោយឃើញពីចរឹករបស់អ្នកទៅកាន់អ្នកជិតខាងក្បែរផ្ទះខ្ញុំថាអ្នកមានចរឹកពាលពីកំណើតគេនឹងខ្លាចរអារអ្នកដោ យឯកឯង ប្រទេសខ្ញុំតូចតែប្រទេសខ្ញុំចិត្តធ្ងន់ណាស់ ទទួលអ្នកដោយមិនត្រូវការសំណង»។
«ពួកអ្នកឯងកំពុងបំផ្លាញប្រទេសជាតិខ្លួនដោយទង្វើពាលបែបនេះ ធ្វើអោយម្ចាស់ផ្ទះអាស៊ានក្រោយៗ ខ្លាចពួកអ្នកឯង ទង្វើអ្នកឯងកំពុងតែមើលងាយប្រទេសខ្ញុំដែលខំទទួល»។
សម្តីរបស់តារាសម្តែង នៅ សូនីតា ក៏ទទួលបានការពេញចិត្តនឹងគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនផងដែរ៕