header ads

Sponsor

កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុង ៩​ កន្លែង ស្ថិតក្នុងឃុំចំនួន៥ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បន្ទាប់ពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង ៧០B ចំនួន ០១ខ្សែ ប្រវែង ២១ គ.ម និងបើកការដ្ឋានសាងសង់ស្ពានបេតុងទាំង៩កន្លែងនេះ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ជូនដល់ប្រជាពលរដ្ឋស្រុកស្រីសន្ធរ។​

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុង ៩ កន្លែង ស្ថិតក្នុងឃុំចំនួន៥ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនេះ គឺត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាមានការចូលរួមពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្រីសន្ធរប្រមាណជាង ៥ពាន់ នាក់ផងដែរ។​

ស្ពានបេតុង ៩ កន្លែង ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនេះ លាតសន្ធឹងឆ្លងកាត់ឃុំចំនួន ៥ រួមមាន៖ ឃុំព្រែករំដេង ឃុំឫស្សីស្រុក ឃុំស្វាយខ្សាច់ភ្នំ ឃុំព្រែកដំបូក និងឃុំផ្ទះកណ្តាល ​ក្នុងទំហំទឹកប្រាក់សាងសង់ប្រមាណ ៦លានដុល្លារអាមេរិក គឺត្រូវបានចាប់ផ្តើមសាងសង់បន្ទាប់ពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង ៧០B ប្រវែង ២១ គ.ម ដែលចាប់ផ្ដើមពីទីតាំងសាលាស្រុកស្រីសន្ធរ រហូតដល់ ឃុំព្រែករំដេង កាលពីខែមីនា ឆ្នាំ២០២២។ ​​

«មានផ្លូវ មានស្ពាន មានសង្ឃឹម» គឺជាទិសស្លោកមួយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាគោលនយោបាយអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង ៤៖ ទឹក ផ្លូវ ភ្លើង និងមនុស្ស។ ជាក់ស្តែងផ្លូវ និងស្ពានត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយជាកាតាលីករនៃជីវភាព និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ តួយ៉ាងការកសាងស្ពាននេះ គឺស្មើនឹងការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចជាតិ តភ្ជាប់តំបន់មួយទៅតំបន់មួយ ដើម្បីបម្រើដល់ចរន្តនៃចលនាអភិវឌ្ឍន៍ជាតិ និងប្រជាជន។ ការធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្ននេះតាមរយៈផ្លូវនិងស្ពានបេតុងថ្មី លែងមានជាឧបសគ្គទៀតហើយ ខណៈកាលពីមុនធ្លាប់ជាផ្លូវដីលំធម្មតាក្រោយឆ្នាំរំដោះ ១៩៧៩ សម្រាប់ថ្មើរជើង, កង់, រទេះសេះ និងរទះគោ-ក្របី ប៉ុណ្ណោះ ប៉ុន្តែពេលនេះបានប្រែក្លាយជាហេដ្ឋារចនាសម្ព័ន្ធថ្មីសន្លាង ដែលអាចពង្រីកសក្តានុពលនៃការធ្វើដំណើរប្រកបដោយភាពងាយស្រួលផង និងបម្រើដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារផង។ ​

ទាក់ទងទៅនឹងសមិទ្ធផលនៃការអភិវឌ្ឍស្ពាន ៩ កន្លែង នៅលើកំណាត់ផ្លូវបេតុងមួយខ្សែនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្រីសន្ធរក៏ដូចជាប្រជាពលរដ្ឋជាច្រើននាក់ទៀតបានសម្ដែងនូវអំណរគុណ និងត្រេកអរសាទរចំពោះសមិទ្ធផលថ្មីបម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនអ្នកស្រុកស្រីសន្ធរ ខណៈទាំងស្ពាន ​និងផ្លូវបេតុង ៧០B នេះគឺបានចូលរួមដោះស្រាយបញ្ហានៃមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរនេះប្រមាណជាង ២០,២៨៧ គ្រួសារ ដែលស្មើនឹង ៨៩,​៨១៣នាក់ នៃចំនួនប្រជាពលរដ្ឋដែលបានប្រើប្រាស់ដងផ្លូវនេះអាស្រ័យផល ក្នុងការប្រកបអាជីវកម្ម ការអប់រំ និងសេវាសាធារណៈផ្សេងៗជាច្រើនទៀត។ល។ ហើយនេះក៏ជាការរួមចំណែកអភិវឌ្ឍសង្គមមួយឆ្លើយតបដល់ការរីកចម្រើនកំណើនសេដ្ឋកិច្ចជាតិផងដែរ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងថ្មី ៩ កន្លែងនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសម្ដែងនូវអំណរសាទរចំពោះសមិទ្ធផលថ្មីនេះ ព្រមទាំងមានប្រសាសន៍ថា៖ “ហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ និងស្ពានបេតុងថ្មីទាំងនេះ ដែលនឹងក្លាយជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជនក្នុងមូលដ្ឋាន រួមទាំងអ្នកដំណើរមកពីទីជិតឆ្ងាយ។ ជាក់ស្តែងណាស់ សមិទ្ធផលទាំងនេះបានកើតចេញពីកម្លាំងរួបរួមសាមគ្គីភាពរវាងវិស័យឯកជន ដែលមានក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែចូលរួមចំណែកក្នុងកិច្ចការសង្គមជាមួយរាជរដ្ឋាភិបាល ជាពិសេសការកសាងផ្លូវ និងស្ពានទាំងនេះទ្បើង ដើម្បីនាំមកនូវក្តីសង្ឃឹម ជួយសម្រួលការរស់នៅប្រកបរបរប្រចាំថ្ងៃ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរឱ្យកាន់តែចម្រើនរុងរឿងថែមទៀត។ ទាំងនេះកើតមានទៅបានគឺដោយឈរលើស្មារតី “សិល្បៈនៃការចែករំលែក” ក្រោមដំបូលនៃសុខសន្តិភាព និងវឌ្ឍនភាពនៃសង្គមជាតិ។

លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ខេត្តកំពង់ចាម ជាខេត្តប្រកបដោយសក្កានុពលទាំងប្រជាជន និងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។ ជាមួយនឹងសក្តានុពលដ៏សម្បូរបែបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរៀបចំនូវផែនការយុទ្ធសាស្ត្រ និងចក្ខុវិស័យជាច្រើនសម្រាប់ក្របខណ្ឌទូទាំងប្រទេស និយាយជារួម និងសម្រាប់ខេត្តកំពង់ចាម និយាយដោយឡែក តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលបម្រើដល់តម្រូវការ និងអាទិភាពផ្នែកសេដ្ឋកិច្ច ធនធានមនុស្ស និងកសិកម្ម។ ជាក់ស្តែងខេត្តកំពង់ចាមបាន និងកំពុងទទួលបាននូវសមិទ្ធផលផ្លូវបេតុងនិងស្ពានថ្មី ៩ កន្លែង ហើយក៏កំពុងត្រៀមទទួលបានផងដែរផ្លូវបេតុងថ្មីបន្ថែមទៀតស្របតាមដងទន្លេមេគង្គ ដើម្បីតភ្ជាប់ទន្លេមេគង្គត្រើយខាងកើតសម្រាប់បម្រើដល់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។​

ប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរម្នាក់រស់នៅក្នុងមូលដ្ឋានស្រុកស្រីសន្ធរ​ បានសម្ដែងនូវការសប្បាយចិត្តជាខ្លាំងដោយទទួលបានសមិទ្ធផល​ផ្លូវ និងស្ពានល្អ និងងាយស្រួលធ្វើដំណើរ ព្រមទាំងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ប៉េង ហួត គ្រុប ថា៖ “ផ្លូវ និងស្ពានកាលពីមុននោះ លំបាកធ្វើដំណើរខ្លាំងណាស់ ពេលធ្វើដំណើរទៅណាមកណាហ៊ុយខ្លាំងណាស់ ហើយពេលភ្លៀងម្ដងៗភក់ជ្រាំ រអិលខ្លាំងណាស់ ត្រូវការចំណាយពេលវេលាយូរ ហើយតាំងពីបានផ្លូវ និងស្ពានថ្មីមក គឺងាយស្រួលធ្វើដំណើរពីផ្ទះទៅភ្នំពេញលឿនដូចចិត្ត ខ្ញុំអរគុណសម្តេចខ្លាំងណាស់ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានេះ ហើយក៏អរគុណក្រុមហ៊ុន ប៉េង ហួត ផងដែរដែលបានគិតគូរអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះឡើង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរទៅមកកាន់តែងាយស្រួល”។  ​​​

គួររំឭកផងដែរ៖ កន្លងមកក្រុមហ៊ុន​ ប៉េង ហួត គ្រុប បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលដ្ឋានស្រុកស្រីសន្ធរជាច្រើនទៀត ដែលរួមមាន៖ ខ្លោងទ្វារវត្ត របងវត្ត កុដិយាយជី-តាជី ដែលជាសទ្ធាជ្រះថ្លា នៅវត្តជ័យមង្គល សាលារៀន ផ្លូវថ្នល់ក្នុងភូមិ អគារ ១ខ្នង ២ជាន់ ស្មើនឹង ១២បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន ប៉េង ហួត ស្វាយតានាន់ រួមទាំងអគារទីចាត់ការ ១ខ្នងផងដែរ និងថ្មីៗនេះ អភិវឌ្ឍផ្លូវ និងស្ពានបេតុង។ល។  ដែលសមិទ្ធផលទាំងអស់នេះគិតជាទឹកប្រាក់សរុបរួមប្រមាណជាង ១៧,៨៨៦,២៥០ ដុល្លារអាមេរិក។ ស្មារតីចែករំលែកគឺជាទឹកចិត្តដ៏ថ្លៃថ្លា និងជាការដឹងគុណដល់សង្គម និងរាជរដ្ឋាភិបាលដែលថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនតែងតែប្រកាន់ខ្ជាប់នូវទស្សនៈ និងគំនិតដូចសុភាសិតខ្មែរមួយដែលតែងដាស់តឿនសតិកូនខ្មែរឱ្យប្រតិបតិ្តវប្បធម៌ដឹង​គុណ ពោលគឺ៖ “​ផឹកទឹកនឹកដល់ប្រភព បានជ្រកម្លប់នឹកដល់អ្នកដាំ”៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post