header ads

Sponsor

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Duong Chay ដួង ឆាយ ដែលបានបង្ហោះជាវីដេអូ អមដោយខ្លឹមសារថា៖ ម្តាយ និង ជីដូនរបស់របស់កុមារា ភា ប៉ោឡុង ដែលកំពុងបាត់ខ្លួន នៅតែទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ច និងមហាជនជួយតាមរកកូនចៅរបស់ខ្លួនផង ជាពិសេសគាត់នៅតែអះអាងថា កូនចៅគាត់ពិតជាបាត់ខ្លួនពិតមែន សូមកុំចោទប្រកាន់គាត់ថាបំពុលព័ត៌មាន។ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យកម្លាំងជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះស្រាវជ្រាវករណីខាងលើ ជាលទ្ធផល៖
-ករណីក្មេងប្រុស​ ឈ្មោះ​ ភា​ ប៉ោឡុង ភេទប្រុស​ អាយុ.១.០.ឆ្នាំ​ (បានរត់ចេញពីផ្ទះ​) កាលពីថ្ងៃទី០៤​ ខែឧសភា​ ឆ្នាំ២០២៣​ ស្ថិតនៅភូមិស្ទឹងជ្រៅ​ សង្កាត់ដេីមមៀន​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​។
​    
***សភាពនៃរឿងហេតុ:

កាលពីថ្ងៃទី០៤​ ខែឧសភា​ ឆ្នាំ២០២៣​ តាមការរៀបរាប់របស់ឈ្មោះ ស៊ុន​ កេសា អាយុ២៩ឆ្នាំ ជាម្តាយបង្កើតកុមារាឈ្មោះ ភា ប៉ោឡេង បានរៀបរាប់ប្រាប់សមត្ថកិច្ចថា៖ កាលពីថ្ងៃទី០៤-០៥-២០២៣ វេលាម៉ោង១៥និង៣០នាទី គាត់បានស្តីបន្ទោសអោយកូនប្រុសគាត់រឿងមិនខិតខំរៀនសូត្រ។ លុះដល់វេលាម៉ោង១៨និង៣០នាទី ប្តីក្រោយរបស់គាត់បានត្រឡប់មកពីធ្វើការមិនឃើញកូននៅផ្ទះ។ រហូតដល់ម៉ោង២១និង៣០នាទីនៅតែមិនឃើញមកទៀត ទើបតេទូរសព្ទ័ប្រាប់គាត់ ហើយគាត់ក៏បានត្រឡប់មកផ្ទះវិញបានឃើញសំបុត្រមួយសន្លឹករបស់កូនសរសេរថា "ម៉ាក់កូនចេញពីផ្ទះ" ក្រោយមកគាត់ក៏បានស្វះស្វែងដើររកកូនគ្រប់ច្រកល្ហកតែមិនឃើញ ទើបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀនអោយចុះជួយស្វែងរកតែម្តង។

**ក្រោយទទួលពាក្យបណ្តឹងរួចមកកម្លាំងប៉ុស្តិ៍ដើមមៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាក្រុងតាខ្មៅ ចុះស្រាវជ្រាវស្វែងរកក្មួយប្រុសតែរកមិនឃើញ។

***តាមការសាកសួរក្មេងប្រុសម្នាក់ឈ្មោះ​ ថៃ​ ឧត្តម ភេទប្រុស អាយុ១២ឆ្នាំ ដែលត្រូវជាមិត្តភ័ក្ររបស់ក្មួយប្រុសបាត់ខ្លួនបានបំភ្លឺថា៖ នៅថ្ងៃកើតហេតុ គាត់ហៅក្មួយប្រុសឲ្យចេញក្រៅផ្ទះដើម្បីលេងជាមួយគ្នា តែក្មួយប្រុសបានឆ្លើយថា ចាំមួយភ្លែតសិនកំពុងបត់ក្រដាសឲ្យហើយមួយសិន បានមួយសន្ទុះមកក្មួយប្រុស​ ភា​ ប៉ោឡុង បានពឹងគាត់អោយឌុបជូនទៅផ្ទះបង តែគាត់ប្រកែកមិនព្រមជូនទៅ ទើបក្មួយប្រុសជិះកង់តែម្នាក់ឯងចេញទៅបាត់។ លុះបានមួយសន្ទុះក៏ឃើញក្មួយប្រុស​ ភា​ ប៉ោឡុង ជិះកង់ត្រឡប់មកផ្ទះជួលគាត់វិញ ឃើញកាន់នំមួយកញ្ចប់ ហើយបានទុកកង់មុខផ្ទះ ហើយនិយាយប្រាប់គាត់ទៀតថា ទៅសុំលុយបងគាត់ធ្វើការនៅការ៉ាស់សាំង ហើយក្មួយប្រុស​ ភា​ ប៉ោឡុង ក៏បានរត់ចេញពីផ្ទះបាត់រហូតទៅ​

***តាមការសាកសួរឪពុកបង្កើតរបស់ក្មួយប្រុសឈ្មោះ នុន សុភា អាយុ៣៦ឆ្នាំ មុខរបរជាងផ្សារដែក មានស្រុកកំណើតភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល តាមរយៈទូរសព្ទ័លេខ 081 919 877 បានប្រាប់ថា៖ គាត់និងម្តាយក្មួយប្រុសបានលែងលះគ្នាអស់រយៈពេល៤ឆ្នាំមកហើយ ដោយបន្សល់ទុកកូនចំនួន២នាក់ (ប្រុស០១ ស្រី០១) ឲ្យរស់នៅជាមួយម្តាយ ហើយជនរងគ្រោះជាកូនទី១ បន្ទាប់មកម្តាយក្មួយប្រុស​ ភា​ ប៉ោឡុង ក៏បានយកប្តីក្រោយម្នាក់ទៀតទទួលបានកូនម្នាក់ទៀត។ លុះមកដល់វេលាកើតហេតុខាងលើ គាត់បានទទួលព័ត៌មានតាមរយៈវិទ្យុABC និងការបង្ហោះតាមបណ្តាញសង្គមFacebook ថាកូនគាត់បានបាត់ចេញពីផ្ទះ ទើបគាត់បានមកក្រុងតាខ្មៅដើម្បីស្វះស្វែងរកកូនប្រុសរបស់គាត់តែរកមិនឃើញ ហើយគាត់ក៏បាននិយាយថាគាត់មិនបានយកកូនប្រុសគាត់ទៅនៅជាមួយឡើយ និងសំណូមពរសមត្ថកិច្ចឲ្យជួយស្វែងរកកូនប្រុសគាត់ផង។

មកដល់ថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០២៣​ នេះកម្លាំងផ្នែកជំនាញពាក់ព័ន្ធកំពុងដុតដៃដុតជេីងបន្តស្រាវជ្រាវរកក្មួយប្រុស​ ភា​ ប៉ោឡុង គ្រប់មធ្យាបាយ​ទាំងអស់​ ដេីម្បីឲ្យក្មួយប្រុសបានជួបនឹងម្តាយវិញ។

អាស្រ័យហេតុនេះសូមសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post