ក្រោយពីបានរួមរស់ជាមួយភរិយាជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកជាច្រើនឆ្នាំនោះពេលនេះតារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក មាស សាលី បានបង្ហាញអារម្មណ៍រីករាយជាខ្លាំងដោយភរិយារបស់លោកកំពុងពពោះកូនដំបូង ។
ជាមួយនឹងរូបភាពដ៏មានក្តីសុខជាមួយភរិយាដែលកំពុងបង្ហាញរូបភាពដែលបញ្ជាក់ថាអ្នកនាងកំពុងមានផ្ទៃពោះនោះតារាចម្រៀង មាស សាលី បានភ្ជាប់សារខ្លីថា«January 2024» ដែលទំនងចង់បញ្ជាក់ថាភរិយារបស់លោកនឹងត្រៀមសម្រាលកូនដំបូងនៅក្នុងដើមឆ្នាំ ២០២៤នេះ ។
ដំណឹងដ៏រីករាយរបស់តារាចម្រៀង មាស សាលី ក៏ទទួលបានការចូលរួមនឹងអបអរសាទរពីសំណាក់អ្នកគាំទ្រជាច្រើនហើយក៏មានការជូនពរឱ្យភរិយារួមទាំងកូនក្នុងផ្ទៃមានសុខភាពល្អទៀតផង ។
លោក មាស សាលី ក៏ជាតារាចម្រៀងដែលមានប្រជាប្រិយភាពម្នាក់នៅក្នុងផលិតកម្មសាន់ដេ តែក្រោយមកលោកក៏បានចេញទៅសម្តែងនៅសហរដ្ឋអាមេរិកកាលពីអំឡុងឆ្នាំ ២០១៩ នឹងបន្តរស់នៅទីនោះជាមួយភរិយាយ៉ាងមានក្តីសុខ ។ លោក មាស សាលី ទើបតែនាំភរិយាមកលេងស្រុកខ្មែរកាលពីពេលថ្មីៗនេះប៉ុណ្ណាះ ។ អ្វីដែលកត់សម្គាល់ទោះមិនមានវត្តមាននៅក្នុងស្រុក តែតារាចម្រៀងរូបនេះក៏នៅតែបន្តចេញបទចម្រៀងថ្មីៗសម្រាប់ស្វាមគមន៍អ្នកគាំទ្ររបស់លោកខ្លួននៅក្នុងស្រុកផងដែរ ៕