header ads

Sponsor

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ថាមានបុរសម្នាក់ ជាមន្ត្រីនគរបាល ប្រចាំប៉ុស្តិ៍មួយកន្លែង បានបាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់គេង ក្នុងផ្ទះរបស់ខ្លួន ដោយពុំដឹងមូលហេតុមកពីអ្វីនោះទេ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ទីតាំងកើតហេតុស្ថិតនៅផ្ទះលក់ចាប់ហួយមួយកន្លែង ស្ថិតនៅផ្លូវបេតុង ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ។

សពមានឈ្មោះ អេង សុខរី ភេទប្រុស អាយុប្រមាណ២០ឆ្នាំជាង ដែលមានមុខរបរជាមន្ត្រីនគរបាល ស្នាក់នៅផ្ទះកើតហេតុ។

ប្រភពព័ត៌មានពីអ្នកភូមិនិយាយតៗគ្នាថា មិនដែលឃើញជនរងគ្រោះមានទំនាស់ជាមួយនរណា ហើយក៏មិនដែលឃើញទាស់សម្តីគ្នានៅក្នុងគ្រួសារដែរ ណាមួយប្រពន្ធរបស់គាត់ ទើបតែសម្រាលកូនបានប្រមាណ១ខែ១០ថ្ងៃតែប៉ុណ្ណោះ គាត់ស្រលាញ់កូនណាស់ តែងតែបោកសម្លៀកបំពាក់អោយកូនរបស់ខ្លួនរៀងរាល់ថ្ងៃ តែមិនដឹងមូលហេតុអ្វីបានជាបាញ់សម្លាប់ខ្លួនទៅវិញ?។

ប្រភពមួយទៀតបានអោយដឹងថា៖ បុរសរងគ្រោះខាងលើ តែងតែមានអាការៈប្លែកនៅពេលដែលមានជាតិអាល់កុលចូលខ្លួន និយាយរួមគឺជាតិស្រវឹង នៅពេលផឹកស៊ីជុំគ្នាម្តងៗ គឺគាត់ឆាប់ឆេវឆាវ និងមិនសូវជាចងចាំបានល្អប៉ុន្មាននោះទេ។

យោងតាមប្រភពពីប្រពន្ធជនរងគ្រោះបានបន្ថែមថា៖ ខ្លួនមិនដែលមានទំនាស់ជាមួយប្តី ឬឈ្លោះប្រកែកគ្នានោះទេ ហើយបញ្ហាបាញ់សម្លាប់ខ្លួននេះ គឺរឹតតែមិនដឹងច្បាស់ថាមកពីមូលហេតុអ្វី ទើបដាច់ចិត្តធ្វើបែបនេះ? អ្វីដែលខ្លួនបានកត់សម្គាល់ឃើញ គឺមានតែសម្ពាធការងារតែមួយមុខគត់ ដែលអាចអោយប្តីរបស់ខ្លួនឈានដល់រឿងបែបនេះ។

ក្រោយពេលកើតហេតុ គេបានឃើញវត្តមានសមត្ថកិច្ចចម្រុះ រួមទាំងមន្ត្រីជំនាញខាងពិនិត្យសាកសព បានចុះមកដល់ទីតាំងកើតហេតុ ធ្វើការហុំព័ទ្ធខ្សែប្រតិបត្តិការ ហាមអ្នកគ្មានភារកិច្ចចូលទៅក្បែរកន្លែងកើតហេតុ។ 

បន្ទាប់មកគេបានដឹងថា បុរសរងគ្រោះមុនបាញ់សម្លាប់ខ្លួន គឺបានពិសាគ្រឿងស្រវឹង ព្រមទាំងចង់បាញ់ខ្លួនឯងនៅក្នុងបរិវេណវត្តមួយកន្លែង តែត្រូវបានគេឃាត់ លុះខ្លួនមកដល់ផ្ទះ ក៏បានដកកាំភ្លើងបាញ់មេឃចំនួន០២គ្រាប់ រួចដើរចូលទៅក្នុងបន្ទប់ ទើបបាញ់សម្លាប់ខ្លួនតែម្តង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post