header ads

Sponsor

បទចម្រៀងចំណងជើងថា មរណភាពព្រះស្វាមី ជ័យវរ្ម័នទី7 បកស្រាយដោយអ្នកនាង មាស សុខសោភា ដែលបានចេញផ្សាយកាលពីថ្ងៃ ទី០២ ខែមិថុនា ឆ្នាំ២០២៣ កំពុងត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ទាមទាររកឯកសារបញ្ជាក់ ទោះបីជាអ្នកនាងបន្ថែមថា ការបកស្រាយនេះនិពន្ធទំនុកច្រៀងដោយឈ្មោះ ពេជ្រសង្វាវង្ស លោកតាសក់សភ្នំត្បែងក៏ដោយ។

បន្ថែមពីលើការបកស្រាយអ្នកនិពន្ធទំនុកច្រៀង អ្នកនាងមាស សុខសោភា បានបន្ថែមទៀតថា៖ «បទនេះដែរជាការសំណូមពរសុំ របស់លោកតាសក់ស ភ្នំត្បែង រៀបរាប់ពីប្រវិត្តនៃការសោយទីវង្គតដ៏សែនកំសត់របស់ ព្រះបាទជ័យវរ្ម័នទី7 និងជាការរំលឹកដឹងគុណរបស់ទ្រង់ដែលបានលះបង់និងខិតខំថែរក្សាទឹកដីមហានគរក្នុងនាមយើងជាកូនខ្មែរគ្រប់អង្គសូមប្រសិទ្ធិពរជ័យ សូមទ្រង់ទទួលបាននូវព្រះសុខភាពជាងរយពាន់ព្រះវស្សានិងជោគជ័យគ្រប់ភារកិច្ចឈ្នះអស់មារសត្រូវ»។

ក្នុងនោះមានគណនីមួយដែលមានឈ្មោះថា «Coco Nicolas» បានលើកឡើងថា៖ «រឿងខ្លះក្នុងប្រវត្តិសាស្រ្តមិនបានចារ ឬចារមិនត្រឹមត្រូវ ព្រោះយូរកាលពេក ក្នុងសម័យមុនអង្គរ អង្គរ ក្រោយអង្គរ ឯកសារជាតិជាច្រើនត្រូវបានបំផ្លាញដោយបច្ចាមិត្រ ឯកសារក្រោយៗ ត្រូវមនុស្សសម័យថ្មីស្រាវជ្រាវ សរសេរឡើង។ រឿងពីមុនៗ ត្រឹមត្រូវយ៉ាងណា ឬកម្រិតណា ក៏គ្មានអ្នកណាម្នាក់ដឹងច្បាស់ តែដំណើរធម្មជាតិដែលបានកើតឡើងរួចហើយ ដឹងច្បាស់ ហើយក៏កែប្រែមិនបាន...នោះទើបជាការពិតបំផុត...។

សម្រាប់អ្នកនិពន្ធ សុខ ជំនោរ វិញ បានលើកឡើងថា៖ «ខ្ញុំចង់អានឯកសារពីការសោយទីវង្គត់ដែរ សូមជួយផ្ញើLinkឬចំណងជើងសៀវភៅផង។ សូមអរគុណ»

ដោយឡែកសម្រាប់ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានភ្ញាក់ផ្អើល និងស្នើឱ្យលុបចេញ និងមិនគាំទ្រក្នុងការយកព្រលឹងជាតិ ទៅលេងសើចបែបនេះ។ តាមរយៈទំព័ររបស់ឯកឧត្តម បានលើកឡើងទាំងស្រុងថា៖

«បទចម្រៀង «មរណៈភាពព្រះស្វាមីជ័យវរ្ម័នទី៧» ធ្វើឱ្យខ្ញុំភ្ញាក់ខ្លួន និងតក់ស្លុតខ្លាំងណាស់។ ខ្ញុំក៏ជាអ្នកអក្សរសាស្ត្រ និងជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរមួយរូបដែរ ប៉ុន្តែ មិនធ្លាប់ប្រទះឃើញឯកសារស្តីពីការសោយព្រះទីវង្គតរបស់ ព្រះបាទជ័យវរ្ម័នទី៧ ដែលជាមហាក្សត្រខ្មែរដ៏ល្បីល្បាញ និងជាទីគោរពរបស់ខ្មែរយើង ដូចបានរៀបរាប់ក្នុងខ្លឹមសារបទចម្រៀងនេះទេ។ ខ្ញុំមិនបរិយាយទៅឆ្ងាយទេ ប៉ុន្តែ សុំមេត្តាកុំបំផ្លាញប្រវត្តិសាស្ត្រ និងដួងព្រលឹងខ្មែរខ្លួនឯង។ បើអាច សុំលប់វីដេអូនេះចោលទៅ។

ការតែងនិពន្ធនេះ ខុសចាប់តាំងពីការប្រើពាក្យពេចន៍ឡើងទៅ កុំនិយាយទៅដល់សច្ចៈភាពខ្លឹមសារប្រវត្តិសាស្ត្រ។ ពាក្យ មរណៈភាព គេមិនប្រើចំពោះ ព្រះមហាក្សត្រ ទេ។ ខ្ញុំមិនចាត់ទុកថា ប្អូនស្រីដែលជាអ្នកចម្រៀងមានចេតនាអាក្រក់ណាមួយនោះទេ ប៉ុន្តែ តាមរយៈវណ្ណកម្មនេះ បង្ហាញថា ក្រុមផលិតទាំងមូលនៅខ្ចីសេចក្តី និងខ្វះភាពគ្រប់ជ្រុងជ្រោយ។ ជាថ្មីម្តងទៀត ខ្ញុំមិនគាំទ្រការយកព្រលឹងជាតិយើង ទៅលេងសើចបែបនេះទេ។ គួរលប់ចោលទៅ ហើយលប់ឱ្យបានលឿន។ «គ្មាននរណាបំផ្លាញព្រលឹងខ្មែរ ក្រៅតែពីខ្មែរខ្លួនឯងនោះទេ»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post