header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយស្ថាប័ន Miss Grand Cambodia បានប្រកាសដកសិទ្ធបេក្ខភាពកញ្ញា កែវ ស្រីលីន ដែលជាកញ្ញាឯកតំណាងឱ្យខេត្តកំពតដោយសារមូលហេតុពីរសំខាន់ៗ ។ អ្វីដែលចាប់អារម្មណ៍ក្រោយការប្រកាសដកសិទ្ធចេញពីការប្រកួតគេមិនទាន់ឃើញ កែវ ស្រីលីន ចេញមុខបកស្រាយឡើយ ។ 

Miss Grand Cambodia ឆ្នាំ ២០២៣ បានចាប់ផ្តើមដំណើរការប្រកួតដោយមានការចូលរួមពីសំណាក់ស្រីស្អាតជាច្រើន ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍កាលពីថ្ងៃទី ០៨ ម្សិលមិញនេះ ស្ថាប័នមួយនេះបានចេញសេចក្តីប្រកាសដកសិទ្ធកញ្ញា កែវ ស្រីលីន ដែលតំណាងឱ្យខេត្តកំពតដែលមានអត្ថន័យថា«សេចក្តីប្រកាស ស្ថាប័នកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២៣ប្រកាសដកបេក្ខភាពកញ្ញា កែវ ស្រីលីន តំណាងឱ្យខេត្តកំពតពីកម្មវិធីកញ្ញាឯកដ៏អសា្ចរ្យនៃកម្ពុជាឆ្នាំ ២០២៣ចាប់ពីថ្ងៃទី ០៨ ខែមិថុនាឆ្នាំ ២០២៣នេះតទៅ។ មូលហេតុទីមួយកញ្ញាមិនគោរពតាមគោលការណ៍និងលក្ខខណ្ឌកុងត្រារបស់ក្រុមហ៊ុន។

ចំពោះមូលហេតុទីពីរកញ្ញាមិនគោរពពេលវេលាពិបាកក្នុងការទំនាក់ទំនង។ស្ថាប័នយើងខ្ញុំនឹងរៀបចំធ្វើទៅតាមផ្លូវច្បាប់តាមការចែងនៅក្នុងកុងត្រា»។

បន្ថែមពីនោះ ស្ថាប័ន Miss Grand Cambodia ឆ្នាំ ២០២៣ បានបន្ថែមទៀតថា«ជាដំបូងស្ថាប័នយើងខ្ញុំសូមអភ័យទោសដល់ទស្សនិកជន ខាងស្ថាប័នយើងខ្ញុំពិតជាមិនចង់អោយមានបញ្ហាកើតឡើងឡើយ ប៉ុន្តែក្រោយពីទុកឱកាសដល់កញ្ញាច្រើនដង ប៉ុន្តែនៅតែមិនមានការកែប្រែ ស្ថាប័នយើងខ្ញុំខ្លាចមានបញ្ហាដល់ពេលប្រឡងថ្ងៃខាងមុខ យើងសូមប្រកាសដកកញ្ញាពី Miss Grand Cambodia តំណាងខេត្ត កំពត ជាផ្លូវការតែម្តង ។ បញ្ជាក់យើងនឹងប្រកាសបេក្ខភាពដែលមកតំណាងខេត្តកំពតក្នុងពេលឆាប់ៗនេះ។សូមអរគុណសង្ឃឹមពុកម៉ែបងប្អូននឹងយោគយល់ដល់ខាងស្ថាប័ន»។

ជាមួយនឹងការដកបេក្ខភាពរបស់ កែវ ស្រីលីន ក៏បានធ្វើឱ្យអ្នកគាំទ្រនៅក្នុងវិស័យមួយនេះមានការសោកស្តាយ នឹងបានបញ្ចេញមតិវែកញែករៀងៗខ្លួន ។ ក្នុងនោះក៏មានការចង់ដឹងថាតើបេក្ខភាពរូបណាជំនួស កែវ ស្រីលីន តំណាងឱ្យខេត្តកំពត ។ ដោយឡែក គេមិនទាន់ឃើញ កែវ ស្រីលីន ជាសាម៉ីខ្លួនដែលត្រូវគេដកសិទ្ធចេញពីការប្រកួតចេញមុខបកស្រាយឡើយ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post