បណ្ឌិតច្នៃម៉ូដលោក ឯម រៀម បានធ្វើការសុំទោសភ្លាមៗចំពោះការចែករំលែករូបភាពអាក្រាតកាយរបស់ខ្លួននៅក្នុងបណ្តាញសង្គមក្រោយ ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញចេញសារឱ្យលោកលុបរូបភាពនេះជាបន្ទាន់ពីបណ្តាញសង្គម ។
ក្រោយពីបានឃើញរូបភាពននលគោកដោយបាំងចំនុចពិសេសរបស់ខ្លួនដោយរូបភាពផ្ការបស់បណ្ឌិតច្នៃម៉ូដលោក ឯម រៀម បង្ហោះនៅក្នុង Story ហ្វេសប៊ុកភ្លាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្ហោះសារទៅលោក ឯម រៀម ដែលមានអត្ថន័យថា« ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈ សូមជូនជម្រាបមក លោក ឯម រៀម ម្ចាស់ផេក EM Riem ជ្រាបថា ក្រុមប្រឹក្សាវិន័យនិងលើកសរសើរ ពិនិត្យឃើញនៅក្នុងផេករបស់លោក បានបង្ហោះជាសាធារណៈរូបភាពរបស់លោក មានលក្ខណៈអាស ដែលបណ្តាលឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង សេចក្តីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ។
ករណីដូចគ្នានេះ លេខាធិការដ្ឋានក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ ក៏ធ្លាប់បានអញ្ជើញលោកមកណែនាំ អប់រំចំពោះករណីដែលលោកបានបង្ហោះផ្សព្វផ្សាយរូបភាពបែបនេះម្តងរួចហើយហេតុនេះក្រុមប្រឹក្សាវិន័យ និង លើកសរសើរនៃអ្នកសិល្បៈ តម្រូវអោយលោក ឯម រៀម លុបរូបភាពនោះជាបន្ទាន់ចេញពីគ្រប់បណ្តាញផ្សព្វផ្សាយសង្គម។ប្រសិនបើលោកមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈនឹងចាត់វិធានទៅតាមផ្លូវច្បាប់ដែលមានជាធរមាន។
ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ សង្ឃឹមនឹងជឿជាក់ថា លោកពិតជាអនុវត្តតាម សេចក្តីជូនដំណឹងនេះ ដោយបញ្ឈប់រាល់ការប្រើប្រាស់រូបភាពដែលនាំឱ្យមានផលប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីជាតិ ហើយងាកមកប្រើប្រាស់ទេពកោសល្យដែលលោកមានចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណីជាតិក្នុងនាមជាកុលបុត្រខ្មែរដែលមានអរិយ្យធម៌ខ្ពង់ ខ្ពស់ជាក់ជាពុំខាន។ថ្ងៃព្រហស្បតិ៍៥រោចខែជេស្ឋឆ្នាំថោះបញ្ចស័កព.ស២៥៦៧រាជធានីភ្នំពេញ ថ្ងៃទី៨ខែមិថុនាឆ្នាំ២០២៣ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈ»។
ងាកមកលោក ឯម រៀម ឯណេះវិញក៏បានធ្វើការបង្ហោះសារសុំទោសដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងលើកហេតុផលពីមូលហេតុដែលលោកបង្ហោះរូបភាពអាក្រាតកាយនេះថា«សូមគោរពនិងទទួលបាន ហើយខ្ញុំបាទ ឯម រៀម បានលុបចោលហើយ។តាមពិតជារូបភាពដែល Edit តាម App ឈ្មោះថា ToonMe ហើយខ្ញុំបាទផុសក្នុង Story FB គ្រាន់តែចង់ចែករំលែកពី App សម្រាប់ Edit រូបភាព before និង after ដែលមានបងប្អូនជាច្រើនចង់បានរាងរបស់គាត់ទៅជាមានសាច់ដុំធំៗ ដោយមិនមានចេត្តនាអ្វីទេ…ដូចនេះហើយសូមអភយ័ទោស និងសូមទោស ចំពោះកំហុសឆ្គងនៃការចែករំលែករូបភាពនេះ ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង សេចក្តីថ្លៃថ្នូររបស់កម្ពុជា»។