កំពង់ស្ពឺ: ក្រោយទទួលបានបណ្ដឹងជាបន្ដបន្ទាប់ពីសំណាក់អ្នកដំណេីរ ជនរងគ្រោះ និងតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន កំលាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានបេីកប្រតិបត្ដិការស្រាវជ្រាវរក
មុខសញ្ញាដែលតែងតែបង្កអសន្ដិសុខ គប់ បាញ់កញ្ចក់រថយន្ដ។
អធិការនគរបាលស្រុកសំរោងទង បានសហការជាមួយកម្លាំងនគរបាលប្រចាំការលេីផ្លូវល្បឿនលឿនបានស្រាវជ្រាវតាមវិធានជំនាញ រហូតឃាត់ខ្លួនបានមុខសញ្ញាម្នាក់ចំណោមបក្ខពួកផ្សេងទៀតដែលរត់គេចខ្លួន។
មុខសញ្ញាដែលសមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃទី 02 កក្កដា ឆ្នាំ 2023 វេលាម៉ោង 14.30នាទី ឈ្មោះ ឈឿម ដែន ហៅ ខ្មៅ ភេទប្រុស 33ឆ្នាំ ស្នាក់នៅភូមិអូក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង បានសារភាព និងបញ្ជាក់ថាខ្លួន និងបក្ខពួកបានធ្វេីសកម្មភាពយកចំពាមកៅស៊ូគ្រាប់ថ្មបាញ់កញ្ចក់រថយន្តដែលធ្វេីដំណេីរឆ្លងកាត់លេីផ្លូវល្បឿនលឿនម្ដុំអូរក្រាំងអំបិល និងផ្លូវជាតិលេខ៤ ម្ដុំភូមិស្លា ។
តាមចម្លេីយបន្ថែមការធ្វេីសកម្មភាពមិនរេីសប្រភេទរថយន្ដ និងពេលវេលាទេ ឱ្យតែខ្លួន និងបក្ខពួកចេញមកពីកន្លែងដែលស្នាក់នៅបណ្ដោះអាសន្ន ដែលជាកន្លែងប្រេីប្រាស់គ្រឿងញៀន កន្លងមកខ្លួនបានយកជំពាមដាក់គ្រាប់ថ្មបាញ់ទៅលេីឡានជាច្រេីន តែមិនដឹងថាចំ ឬបែកកញ្ចក់ ឬកំពិតនោះទេ តែការបាញ់គប់កញ្ចក់រថយន្ដមិនមែនមានតែខ្លួនទេគឺមានបក្ខពួកផ្សេងទៀត ដែលពេលខ្លះមានប្រសិទ្ធភាព តែពេលខ្លះមិនបានផលនោះទេ ។
ជុំវិញនឹងករណីនេះកម្លាំងនគរបាលជំនាញកំពុងបន្តស្រាវជ្រាវ តាមចាប់បក្ខពួក ផ្សេងទៀត។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំរោងទងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យដើម្បីអនុវត្ដតាមនីតិវិធី ៕