header ads

Sponsor

ដូចការសន្យាពេលនេះអ្នកស្រាវជ្រាវប្រវត្តិតារាចម្រៀងសម័យដើមលោក សេង ដារ៉ា ចាប់ផ្តើមបង្ហាញសាក្សីដំបូងដែលបានដឹងរឿងស្នេហារបស់អធិរាជសំឡេងមាសលោក ស៊ីន ស៊ីសាមុត ។ ក្នុងនោះលោក សេង ដារ៉ា បានបញ្ជាក់ថានេះជាជំហានដំបូងនៅមានជាបន្តបន្ទាប់ទៀតដើម្បីឱ្យមហាជនកាន់តែជ្រាបច្បាស់ពីលទ្ធផលជាក់ស្តែងថាតើលោក បឺត សំរេច ជាតំណក់ឈាមពិតឬ បែបណា ?

ជាដំបូងអ្នកស្រាវជ្រាវរូបនេះបានបង្ហាញសាក្សីទីមួយគឺលោក កែវ ចំណាប់ ដែលមានវ័យជាង ៦០ឆ្នាំនឹងជាអ្នកដែលធ្លាប់ជាប់មន្ទីរ១៥ ជាមួយលោក ស៊ីន ស៊ីសាមុត ។ លោក កែវ ចំណាប់ បានរំឮកថាអធិរាជសំឡេងមាសធ្លាប់បាននិយាយពីរឿងគ្រួសារប្រាប់លោកដែលជាញឹកញាប់លោក ស៊ីន ស៊ីសាមុត តែងនិយាយសរសើរពីភរិយាទីពីររបស់លោកគឺអ្នកស្រី ឈិន អង្គារ៉ា ថាជាភរិយាល្អដែលមើលថែប្រតិបត្តិនិងផ្តល់កម្លាំងចិត្តដល់រូបលោកមិនថាពេលសម្រាកទទួលទានអាហារអ្វីឡើយ ។ ក្រៅពីភរិយា ឈិន អង្គារ៉ា ជាបវរកញ្ញានៅក្នុងខេត្តកណ្តាលលោក ស៊ីន ស៊ីសាមុត និយាយពីភរិយាដើមលោកយាយ ខាវ ថងញ៉ុត តិចតួចបំផុត ហើយសម្រាប់ភរិយាជាខ្សែរាជវង្សនោះលោកមិនដែលរំឮកឡើយ ។

អ្នកធ្លាប់ជាប់ក្នុងមន្ទីរឃុំឃាំងជាមួយអធិរាជ ស៊ីន ស៊ីសាមុត បានបន្តថាលោកមិនដែលឮលោក ស៊ីន ស៊ីសាមុត និយាយពីឈ្មោះ ធីម វជ្ជរ៉ា ជាម្តាយលោក បឺត សំរេច ទាល់តែសោះ។ ភាគច្រើនលោក ស៊ីន ស៊ីសាមុត និយាយតែពីឈ្មោះ ឈិន អង្គារ៉ា ជាភរិយាទីពីរតែប៉ុណ្ណោះ ។ទាំងខ្សែរាជវង្ស និង ឈិន អង្គារ៉ា សុទ្ធតែជាភរិយាមិនស្របច្បាប់របស់លោក ស៊ីន ស៊ីសាមុត  លើកលែងតែលោកយាយ ខាវ ថងញ៉ុត ប៉ុណ្ណោះដែលបានរៀបការស្របច្បាប់។ ដ្បិតមិនដែលឮលោក ស៊ីន ស៊ីសាមុត និយាយពីឈ្មោះម្តាយលោក បឺត សំរេច អ្នកស្រី ធីម វិជ្ជរ៉ា ក្តី តែលោក កែវ ចំណាប់ បានបញ្ជាក់ថា លោកសប្បាយចិត្តប្រសិនលោក បឺត សំរេច ជាដំណក់ឈាមលោក ស៊ីន ស៊ីសាមុត ពិតប្រាកដមែន ។

ខណៈមហាជនមួយចំនួនកំពុងចាប់អារម្មណ៍និងចូលរួមឧបត្ថម្ភដល់លោក បឺត សំរេច ដែលមានដូចជាផ្ទះវីឡាភ្លោះ និងដី ក៏ដូចជាទឹកប្រាក់ជាហូរហែនោះ លោក កែវ ចំណាប់ ក៏បានស្នើសុំឱ្យសប្បុរជននានាមេត្តាជួយគិតគូរ ដល់ជីវភាពលោកយាយ ខាវ ថងញ៉ុត ដែលមានវ័យ៨៥ឆ្នាំ និងកូនស្រីច្បង ស៊ីន យុទ្ធនា ដែលមានវ័យ ៦៦ឆ្នាំ កំពុងរស់នៅខេត្តស្ទឹងត្រែងនាពេលបច្ចុប្បន្នដែល ពួកគាត់ជាភរិយានិងជាកូនស្រីរបស់អធិរាជសំឡេងមាសយ៉ាងពិតប្រាកដ ។

ជាចុងក្រោយលោក សេង ដារ់ា បានអះអាងថានេះគ្រាន់តែជាវាំងននដំបូងបង្អស់នៅមានសាក្សីជាបន្តបន្ទាប់ទៀតសម្រាប់ជាភស្តុតាងនៅក្នុងរឿងលោក បឺត សំរេច ។ ប៉ុន្តែសុំចិត្ត មហាជនទាំងអស់មេត្តាកុំប្រើពាក្យពេជន៍អសុរោះប្រសិនលទ្ធផលចុងក្រោយមិនដូចចិត្តដែលគ្រប់គ្នាចង់បាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post