header ads

Sponsor

ដ្បិតរឿងជីវិតស្នេហារបស់លោក បឺត សំរេច មិនទាក់ទងជាមួយនឹងរឿងប្រកាស ជាតំណក់ឈាមអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ក៏ពិតមែន តែថ្មីៗនេះអ្នកស្រី  ទូច សង ដែលរស់នៅក្នុងខេត្ត បាត់ដំបង បានចេញមុខបង្ហាញភស្តុតាងថាកូនស្រីច្បងអ្នកស្រីពិតជាបានរៀបការជាមួយលោក បឺត សំរេច និងមានកូនជាមួយគ្នារហូតដល់ទៅ ០៧នាក់ ដែលខុសពីការអះអាងរបស់លោក បឺត សំរេច ធ្លាប់លើកឡើងថា លោកមានកូនតែបីនាក់ទេ ។

ជឿជាក់ថាអ្នកតាមដានរឿងរ៉ាវរបស់លោក បឺត សំរេច ពិតជាបានដឹងហើយថាមួយរយៈមុនលោក សេង ដារ៉ា ដែលជាអ្នកស្រាវជ្រាវបានទៅសម្ភាសជាមួយអ្នកស្រី ទូច សង មានអាយុ ជាង ៦០ឆ្នាំរស់នៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដោយអ្នកស្រីបានបញ្ជាក់ថាលោក បឺត សំរេច បានរៀបការជាមួយកូនស្រីច្បងរបស់អ្នកស្រីកាលពីឆ្នាំ ១៩៩៧ នឹងមានចំណងដៃកូន០៧នាក់ ។ ប៉ុន្តែយ៉ាងណារឿងរ៉ាវទាំងនេះត្រូវបានលោក បឺត សំរេច បដិសេធហើយលោក ធីម រស្មី ដែលជាប្អូនជីដូនមួយនឹងជាកូនរបស់លោកយាយ ធីម រី បានចេញមុខនិយាយថា លោកគឺជាអតីតកូនប្រសាររបស់អ្នកស្រី ទូច សង មិនមែនជាលោក បឺត សំរេច ទេ តែយ៉ាងណាសព្វថ្ងៃលោក និងភរិយាបានចែកផ្លូវគ្នាហើយ ។

ហាក់មិនអស់ចិត្តពេលនេះម្តាយក្មេកលោក បឺត សំរេច រួមនឹងប្អូនថ្លៃក៏ដូចជាអ្នកស្រុកភូមិបាននាំគ្នាចេញមុខធ្វើសាក្សីថាលោក បឺត សំរេច ពិតជាកូនប្រសាររបស់អ្នកស្រី ទូច សង ពិតមែន ។ មិនតែប៉ុណ្ណោះថែមទាំងបានបង្ហាញរូបភាពអាពាហ៍ពិពាហ៍មួយសន្លឹករបស់លោក បឺត សំរេច ជាភស្តុតាង ។ម្តាយក្មេកលោក បឺត សំរេច បានបោះសម្តីថា ម្តាយក្មេកមិនច្រឡំកូនប្រសារទេ ។ មិនតែប៉ុណ្ណោះប្អូនថ្លៃរបស់លោក បឺត សំរេច ក៏បានបង្ហាញការងឿងឆ្ងល់ថាហេតុអ្វីលោក បឺត សំរេច បែរជាថាប្រពន្ធរ​បស់ខ្លួនជាប្រពន្ធប្អូនទៅវិញ? មិនតែប៉ុណ្ណោះប្អូនថ្លៃរបស់លោក បឺត សំរេច ថែមទាំងនិយាយថាបើលោក បឺត សំរេច មិនសុខចិត្តអាចមកសម្ភាសតទល់គ្នាឬក៏ទៅស្បថនៅកន្លែងអ្នកតាដំបងក្រញូងក៏បាន ។

អ្វីដែលកត់សម្គាល់ទោះរឿងឯកជនរបស់លោក បឺត សំរេច មិនពាក់ព័ន្ធជាមួយនឹងការប្រកាសថាជាកូនប្រុសរបស់អធិរាជសំឡេងមាសលោក ស៊ីន ស៊ីសាមុត ក៏ពិតមែន តែមហាជនជាច្រើននៅតែចង់ដឹងថាបើជាការពិតតើហេតុអ្វីបានជាលោក បឺត សំរេច ចាំបាច់លាក់បាំងរឿងនេះ ?ក្នុងនោះក៏នៅតែមានមហាជនមួយចំនួនបង្ហាញមន្ទិលសង្ស័យនឹងចង់ឱ្យមានការធ្វើតេស្ត DNA ដើម្បីបញ្ចប់រឿងព្រោះថាការធ្វើតេស្តបែបវិទ្យាសាស្រ្តនាពេលបច្ចុប្បន្ននេះក៏មិនចំណាយច្រើនប៉ុន្មានដែរ ដែលតាមការបង្ហើបតម្លៃប្រមាណជាបីរយដុល្លារសម្រាប់កញ្ចប់ពីរនាក់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post