header ads

Sponsor

ស្ត្រីមេម៉ាយម្នាក់ស៊ូលំបាកខ្លួនឯង ខិតខំតស៊ូប្រឹងប្រែងរកប្រាក់ចិញ្ចឹមកូនៗឱ្យបានរៀនសូត្រចាកផុតពីភាពអវិជ្ជា រហូតពេលខ្លះខ្វះខាតខ្លាំង ដើម្បីចំអែតក្រពះកូនៗ ដាច់ចិត្តយកកណ្ដុរមកធ្វើជាមួយទំពាំងស្លហូប តែពេលនេះមានពន្លឺជីវិតថ្មីហើយ។

អ្នកមីង លឹម ញឹប រស់នៅភូមិ វាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានកូនចំនួន០៣នាក់ក្នុងបន្ទុក ក្រៅពីជាកសិករ អ្នកមីងធ្វើការសព្វគ្រប់ដើម្បីបានប្រាក់ផ្គត់ផ្គង់ក្នុងគ្រួសារ។

រូបភាពដែលផ្ដិតតាមរយៈការផ្សាយរបស់ «រំដួលធីវី» ព្រោះតែក្រពះនេះហើយ បានឆក់យកបេះដូង ការអាណិតស្រឡាញ់ ពីមហាជនយ៉ាងច្រើនកុះករ ក្នុងនោះរួមមានបេះដូងសប្បុរសនៃយើងផងដែរ គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយសម្ដេចសម្រេចផ្តល់ផ្ទះមួយខ្នងជូនអ្នកមីង ជាការរួមចំណែកសម្រួលការលំបាកក្នុងជីវភាពនៃការរស់នៅ។

បើតាមលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានបញ្ជាក់ឱ្យដឹងថាអំណោយផ្ទះដ៏ថ្លៃថ្លានេះ ជាព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានប្រោសប្រទានក្នុងការសាងសង់នេះ។

ក្រោយទទួលបានដំណឹងនេះ អ្នកមីងលឹម ញឹម គ្មានអ្វីក្រៅពីការត្រេកអរ ជាមួយនឹងក្ដីសង្ឃឹមដើម្បីបន្តការចិញ្ចឹមបីបាច់ថែរក្សាកូនទាំងបីនាក់ទៀត ទោះបីជាគ្មានស្វាមីជួយសម្រាលបន្ទុកអ្នកមីងក្ដី និងម្រាមដៃដប់ លើកអរព្រះគុណសម្តេចយាយអរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអរគុណលោកជំទាវ ម៉ែន នារីសោភ័គ ក៏ដូចជាថ្នាក់ដឹកនាំកាកបាទក្រហមគ្រប់ជាន់ថ្នាក់ ព្រមបងប្អូនសប្បុរសជនគ្រប់ទិសទីដែលបានជួយសម្រាលបន្ទុកដ៏ធំនេះជូនអ្នកមីង។

ដូចដែលយើងបានដឹងស្រាប់ហើយ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាតែងតែផ្ដល់ក្តីនឹករលឹកបំផុត ដែលជានិច្ចកាល សម្ដេចប្រធាន តែងតែបារម្ភគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ឬ និន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង ឱ្យចុះអន្តរាគមន៍ដោះស្រាយ ផ្តល់អំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាក ជូនជនរងគ្រោះ និងងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជា មាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post