ថ្មីៗនេះតារាសម្តែងប្រុស ខួច បានរត់ទៅប្រទេសវៀតណាមភ្លាមៗក្រោយស៊ីលីកូនៅលើផ្ទៃមុខមានបញ្ហា ។ ប៉ុន្តែក្នុងនោះលោកក៏ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចូលទៅខមិនថាប្រយ័ត្នកើតមហារីកហើយសុំជំនួយដែលធ្វើឱ្យ ប្រុសខួច បង្ហាញអារម្មណ៍ខឹងសម្បារនឹងតបថា ទោះឈឺដល់ស្លាប់ក៏លោកមិនលើកដៃសុំជំនួយអ្នកណាដែរ ...។
គេចាំបានថាកាលពីជិតមួយឆ្នាំមុនតារាសម្តែងរូបសង្ហា ប្រុសខួច បានជះលុយរាប់ម៉ឺនដុល្លារដើម្បីទៅកែសម្ជស្សដែលមានដូចជាភ្នែក ច្រមុះ និងចំណុចមួយចំនួនទៀតនៅវៀតណាម ។ សម្រស់ថ្មីរបស់តារារូបនេះបានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលដោយមានទាំងការសរសើរនឹងការរិះគន់ថាចាញ់សម្រស់ធម្មជាតិ ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះក៏លេចធ្លាយដំណឹងថាតារាសម្តែងកំពុងមានប្រជាប្រិយភាពរូបនេះបានរត់ទៅវៀតណាមភ្លាមៗក្រោយផ្ទៃមុខក្រោមមុខកាំបិតរបស់លោកមានបញ្ហា ។
ជាការពិត ប្រុសខួច បានប្រកាសថាលោកពិតជាបានទៅព្យាបាលនៅប្រទេសវៀតណាមពិតមែនដោយសារស៊ីលីកូដែលលោកបានចាក់មិនរលាយបើបន្តទុកទៀតនឹងមានបញ្ហាធ្ងន់ធ្ងរ ។ប៉ុន្តែយ៉ាងណាលោកបានប្រាប់ថា ស៊ីលីកូនេះលោកបានចាក់រយៈពេល ១០ឆ្នាំហើយ កាលពីមួយឆ្នាំមុនលោកក៏បានព្យាបាលស៊ីលីកូនេះម្តងដែរ ។ មិនតែប៉ុណ្ណោះ ប្រុសខួច បាននិយាយថាដោយសារស៊ីលីកូនេះហើយទើបលោកសម្រេចចិត្តកែមុខមិនមែនសុខៗលោកកែមុខនោះទេ។
អ្វីដែលកត់សម្គាល់ជាមួយការលើកឡើងរបស់តារាសម្តែង ប្រុសខួច ត្រូវបានអ្នកលេងបណ្តាញសង្គមមួយបានចូលទៅខមិនថា«តិចទៀតមហារីកឡាយសុំជំនួយ» ទ្រាំមិនបានជាមួយនឹងពាក្យរិះគន់នេះ ប្រុសខួច បានបោះសម្តីទៅវិញថា «ចាំសម្ដីររបស់ខ្ញុំណា ទោះខ្ញុំឈឺដល់ងាប់ក៏ខ្ញុំមិនលើកដៃសុំជំនួយពីអ្នកណាដែល រាល់ថ្ងៃខ្ញុំខំប្រឹងរកទុកទៅថ្ងៃមុខ ដើម្បីខ្លួនឯង ដើម្បីគ្រួសារ មិនមេនអត់គំនិតចាយលុយមិនចេះគិតទេ ហើយពេលនេះខ្ញុំមានសមត្ថភាពកែមុខ$$$$ គិតថាថ្ងៃក្រោយខ្ញុំទៅលើកដៃសុំលុយគេមេន មនុស្សខ្ញុំ ស៊ូអត់ដល់ងាប់ក៏មិនលើកដៃសុំលុយគេចាយfreeៗៗស្គាល់ខ្ញុំអោយច្បាស់តិចទៅមនុស្សខ្ញុំចូលចិត្តយកញើសឈាមទៅដូរនឹងលុយហើយក៏ មិនចូលចិត្តសុំលុយគេ»។
ក្រោយបានឃើញសភាពរបស់ ប្រុសខួច ក៏មានអ្នកខ្លះលើកឡើងថាគ្មានអ្វីល្អជាងសម្រស់ធម្មជាតិទេ ជាក់ស្តែងដូចភរិយារបស់តារាកំប្លែង នាយពាក់មី ជាគំរូស្រាប់៕