header ads

Sponsor

នៅលើបណ្ដាញសង្គមថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបភាពផ្សាយពាណិជ្ជកម្មល្បែងអនឡាញ នៅក្រុងប៉ោយប៉ែត ពេលនេះអាជ្ញាធរបានបញ្ជាក់ហើយថា ការផ្សាយពាណិជ្ជកម្មនេះ ពុំមានច្បាប់អនុញ្ញាតិ ឬស្នើសុំពីអាជ្ញាធរមានសមត្ថកិច្ចណាមួយឡើយ ពេលនេះត្រូវបានដោះរុះរើចេញហើយ បន្ទាប់ពីផ្ទុះការរិះគន់ពីសំណាក់មហាជន។

យោងតាមទំព័រហ្វេសប៊ុករដ្ឋបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា៖

«នៅម៉ោង២រសៀលនេះ អនុវត្តតាមការណែនាំរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជារបស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចាត់តាំងក្រុមការងារចុះរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើផ្លូវជាតិលេខ៥ ទល់មុខការិយាល័យគយនិងរដ្ឋាករប៉ោយប៉ែត រួចរាល់ហើយ បន្ទាប់ពីផ្ទុះនូវការមិនពេញចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន។

រដ្ឋបាលក្រុងសូមបញ្ជាក់ថា ការដាក់ស្លាកផ្សាយពាណិជ្ជកម្មនេះ ពុំមានច្បាប់អនុញ្ញាតិ ឬស្នើសុំពីអាជ្ញាធរមានសមត្ថកិច្ចណាមួយឡើយ ។ រដ្ឋបាលក្រុង សូមទទួលយករាល់មតិរិះគន់ដើម្បីស្ថាបនា ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអរគុណ» ។

នៅយុគសម័យឌីជីថលនេះ ការផ្សព្វផ្សាយមានគ្រប់ទម្រង់ ប៉ុន្តែទាក់ទងនឹងល្បែងស៊ីសង ដែលផ្សព្វផ្សាយមិនសមស្របនោះ ក៏ទទួលបានការរិះគន់ពីសំណាក់មហាជនផងដែរ ជាក់ស្ដែងដូចជាការយកបុគ្គលល្បីៗមកផ្សព្វផ្សាយ និងការដាក់ផ្ទាំងប៉ាណូដូចខាងលើនេះដែលខ្លឹមសារ ប្រែជាភាសាខ្មែរថា៖ «ប្រជាជនថៃ ពួកយើងមកដល់ហើយ» ហាក់មិនត្រឹមត្រូវនោះ ក៏ទទួលបានការរិះគន់ខ្លាំង រហូតដល់ថ្នាក់ដឹកនាំខេត្តសម្រេចចុះរុះរើបែបនេះតែម្ដង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post