ពេលនេះអ្នកស្រី កែវ កល្យាណក៏ដូចជាអ្នកសិល្បៈដែលជាជនរងគ្រោះក្នុងការទិញដីលោក យុត្ថារ៉ា ឆានី បានសម្រេចទុកឱកាសឱ្យក្រោយលោកបានចូលខ្លួនមកសម្របសម្រួលនៅក្នុងរឿងនេះ តែយ៉ាងណាអ្នកស្រី កែវ កល្យាណ មិនទាន់ប្រាកដថាតើដំណោះស្រាយនោះនឹងទទួលបាននៅពេលណានោះឡើយ ។
បន្ទាប់ពីអ្នកស្រី កែវ កល្យាណ បានទម្លាយថាខ្លួនមិនបានទទួលប្លង់រឹងពីសំណាក់លោក យុត្ថារ៉ា ឆានី បើទោះបានបង់ប្រាក់ដល់ទៅជាង ៦ម៉ឺនដុល្លារតាំងពីអំឡុងឆ្នាំ ២០១៩ ក្តី ។ ប៉ុន្តែពេលនេះអ្នកស្រី កែវ កល្យាណ បានឱ្យដឹងថាអ្នកស្រីរួមនឹងមិត្តសិល្បៈដែលជាជនរងគ្រោះនៅក្នុងការទិញដីរបស់លោក យុត្ថារ៉ា ឆានី សម្រេចទុកឱ្យពេលវេលាឱ្យលោក យុត្ថារ៉ា ឆានី ដោះស្រាយហើយដោយមិនមានការប្តឹងទៅតាមផ្លូវច្បាប់ឡើយ ។
អតីតតារាសម្តែងជើងចាស់រូបនេះបានបង្ហោះសារថា«ជំរាបសួរ បងប្អូនពុកម៉ែជាទីគោរព នាងខ្ញុំកែវ កល្យាណសូមចូលខ្លួនមកបកស្រាយនូវរឿងដីធ្លីជាមួយលោក យុត្ថារា ឆានី ឥលូវលោកបានខលមកសម្របសម្រួលដោះស្រាយហើយ។
នាងខ្ញុំនិងមិត្តរួមអាជីពទាំងអស់គ្នាដែលបានទិញដីក៏ជជែកនិងសំរេចចិត្តទុកពេលឲ្យលោក ឆានី១រយៈដើម្បីដោះស្រាយតាមសំនូមពរត្រង់ថាដោះបានពេលណារឺយ៉ាងណា ចាំនាងខ្ញុំជំរាបបន្តបន្ទាប់ទៀត នាងខ្ញុំក៏សូមអរគុណដល់បងប្អូនពុកម៉ែ ដែលតែងតែស្រលាញ់និងគាំទ្រដល់នាងខ្ញុំនិងមិត្តសិល្បៈទាំងអស់គ្នារហូតមកសូមអរគុណ»។
គួរបញ្ជាក់ថាមុនពេលអ្នកស្រី កែវ កល្យាណ ទម្លាយរឿងលក់ដីខ្យល់របស់លោក យុត្ថារ៉ា ឆានី ក៏មានស្រ្តីម្នាក់បានចេញមុខនិយាយថាខ្លួនបានបង់រំលោះដីអស់ជាង ២ម៉ឺនដុល្លារ តែមិនទាន់ទទួលបានដី តែត្រូវលោក យុត្ថារ៉ា ឆានី តបវិញថា «ខ្ញុំបាទ យុត្ថារ៉ា ឆានី សូមបដិសេធរាល់ការចុះផ្សាយព័ត៌មានមិនពិតប្រទេសមានច្បាប់បើយល់ថាខ្ញុំខុសសូមធ្វើការតាមច្បាប់រៀងខ្លួន»៕