header ads

Sponsor

(បាត់ដំបង)៖ បើយោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានជូនដំណឹងថា មានអ្នក​​​ប្រើប្រាស់បណ្តាញសង្គមបានផ្សព្វផ្សាយរូបភាពជាឃ្លីបវីដេអូ និងចែកផ្សាយបន្តដោយក្នុងរូបភាព និងសម្លេងនិយាយថា មាន​​​សត្វត្រីស៊ីសាច់មនុស្សចូលមកដល់ស្ទឹងក្រញូង នៃស្រុកសំឡូត។

លោកវរសេនីយ៍ទោ ម៉ែន រឹម អធិការនគរបាលស្រុកសំឡូត បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣វេលា ម៉ោង១៦ និង៣០នាទី នៅចំណុចដងស្ទឹងក្រញូង ដែលស្ថិតនៅភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីត្រីក្រពតខាំទៅលើបុរសម្នាក់ឈ្មោះ សួន ចំរើន អាយុ៦៣ ទីនៅបច្ចុប្បន្នក្រុមទី៩ ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បណ្តាលឱ្យមានឈាមហូរ ខណៈដែលគាត់ចុះទៅក្នុងទឹកស្ទឹងនោះ ជាមួយនេះតាមការពិនិត្យរបស់​​​គ្រូពេទ្យដែលព្យាបាលរបួស បានបង្ហាញថារបួសនេះ គឺត្រីក្រពតខាំ ដោយខាំចំសរសៃឈាមទើបបណ្ដាលឱ្យមានឈាមហូរច្រើន តែមកដល់ពេលនេះស្ថានភាពជនរងគ្រោះមិនមានបញ្ហាអ្វីនោះទេ ។

ដូច្នេះការផ្សព្វផ្សាយដែលថា បុរសខាងលើមានរបួសជើងដោយសារ ត្រីស៊ីសាច់មនុស្សនោះ គឺជារឿងពុំពិតឡើយ ដែលសូមម្ចាស់គណនីធ្វើការកែតម្រូវឡើងវិញ និងសូមបងប្អូនកុំមានការភាន់ច្រឡំ។

សូមជម្រាបថា នៅភូមិសាស្រ្ត ស្រុកសំឡូត នារដូវវស្សាក្នុងពេលដែលត្រីក្រពត ពងកូននោះ តែងកើតមានករណីត្រីក្រពតខាំ ចំពោះអ្នកចុះទៅក្នុងទឹកនៃទីកន្លែងខ្លះដែលមានសត្វនេះរស់នៅ ជាក់ស្តែងកាល ពីថ្ងៃទី២១ ខែមេសាឆ្នាំ២០២០កន្លងទៅ ក៏ធ្លាប់កើតមានករណីនេះដែរ នៅភូមិសាស្រ្តស្រុកសំឡូតមានរបួសដៃ និងជើងផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post