ចុងក្រោយនេះគេសង្កេតឃើញថាតារាកំប្លែង ខ្ញុង ចាប់ផ្តើមឡើងកូដវិញពោលមុខរបរក៏ដំណើរការល្អហើយសកម្មភាពនៅក្នុងសិល្បៈក៏មានជាហូរហែ ។ មិនតែប៉ុណ្ណោះលោក កៃដ ជាស្វាមីក៏បានលេចមុខនៅក្នុងការសម្តែងរួមគ្នាទៀតផង ។ប៉ុន្តែយ៉ាងណាថ្មីៗនេះ តារាកំប្លែង ខ្ញុង បានបង្ហាញអារម្មណ៍មួរម៉ៅក្រោយពីត្រូវអ្នកខមិនម្នាក់បាននិយាយថា នាយ កៃដ សុំជំនួយមិនបានឈប់ឆ្កួតមកលេងកំប្លែងវិញ ...។
ក្រោយពីបានឃើញ នាយកៃដ បង្ហាញមុខនៅក្នុងការសម្តែងជាមួយ ខ្ញុង ក៏មានអ្នកលេង បណ្តាញសង្គមម្នាក់បានចូលទៅខមិនថា «ចុះថ្ងៃមុនថាលើសឈាមនិងកើតស្អីនោះឥលូវលេងវីដេអូធម្មតាវិញហើយ រកជំនួយមិនបានដឹងបានឈប់ធ្វើឆ្កួត »
ម្ចាស់គណនីយរូបនេះថែមទាំងនិយាយទៀតថា«ធ្វើជាជនសាធារណៈកុំប្រើល្បិចបោកប្រជាជន »។ជាមួយនឹងការប្រើពាក្យសម្តីរបស់ម្ចាស់គណនីយរូបនេះមកលើស្វាមីខ្លួន នាង ខ្ញុង បានតបវិញថា «ពេលខ្លះខ្ញុំក៏ចង់ទប់ដែរ តែពេលខ្លះខ្ញុំក៏ទ្រាំនឹងខមិនបែបនេះមិនបាន បាបកម្មមិនចាំបាច់ទាល់តែធ្វើអំពើអ្វីមួយទេ។គ្រាន់តែខមិនមើលងាយប្រមាថគេនេះក៏ហៅថាបាបដែរ។ ប្រយ័ត្នទាន់ហន់ណាបង សញ្ជាតិខ្មែរដូចគ្នាហេតុអ្វីមើលងាយគេម្លេះ ខ្ញូំចង់សួរឆ្លើយភ្លាមមក »។
ទោះបីជាបានបញ្ចេញពាក្យពេចន៍ទាំងមិនសប្បាយចិត្តទៅអ្នកខមិនរូបនោះក៏ពិតមែន តែក្រោយមកតារាកំប្លែងសម្តីបានរូបនេះបានលុបសារដែលខ្លួនបង្ហោះនោះទៅវិញ ។ គេចាំបានថាកាលពីអំឡុងដើមខែសីហាឆ្នាំ ២០២២ នាយកៃដ បានទាញសរសៃដួលៗភ្លាមពេលកំពុងឡាយវីដេអូជាមួយ នាងខ្ញុង ហើយក្រោយមក នាង ខ្ញុង ក៏បានប្រាប់ថាស្វាមីខ្លួនមានជំងឺដុះសាច់ក្នុងខួរក្បាលដែលទាមទារឱ្យវះកាត់ជាបន្ទាន់ ។
ប៉ុន្តែ នាយកៃដ មិនបានទទួលការវះកាត់ទេដោយសារមិនមានលទ្ធភាពគ្រប់គ្រាន់ តែយ៉ាងណាសព្វថ្ងៃសុខភាពរបស់នាយហាក់មិនមានបញ្ហាអ្វីឡើយ ។ រឿងរ៉ាវមួយនេះក៏ត្រូវបានមហាជនមួយចំនួនយល់ថាជាការសម្តែងច្រើនជាងការពិត៕