ក្នុងនាមជាតារាចម្រៀងដែលមានឈ្មោះល្បីលំដាប់ប្រទេសតារាចម្រៀង មាស សុខសោភា បាននិយាយជាសាធារណៈជាលើកដំបូងថាអ្នកនាងក៏បានចាញ់បោកការទិញអចលនទ្រព្យខ្យល់ខាតបង់ប្រាក់អស់រាប់ម៉ឺនដុល្លារ ។ដោយសារអ្នកនាងជាមនុស្សរបស់មហាជនមិនចេះជេរឬវាយប្រហារចំពោះក្រុមហ៊ុនទាំងនោះទើបរក្សាភាពស្ងប់ស្ងាត់រហូតមកដល់ពេលនេះ។
តារាចម្រៀង មាស សុខសោភា បានសម្តែងការសោកស្តាយចំពោះទឹកប្រាក់ជាច្រើនសែនដុល្លារដែលបានមកពីអាជីពចម្រៀងដើម្បីទិញបុរីនិងដីជាច្រើនកន្លែង តែគួរឱ្យស្តាយភាគច្រើ នជាគម្រោងខ្យល់ដែលពេលនេះកន្លែងខ្លះក៏កំពុងដោះស្រាយវិវាទហើយខ្លះទៀតក៏ត្រូវម្ចាស់ដីឡូតិ៍មិនទទួលខុសត្រូវទៀតផង ។
ដ្បិតបង្ហាញការសោកស្តាយ តែតារាចម្រៀងសំឡេងផ្អែមពិរោះរូបនេះចាត់ទុកថានេះជាបទពិសោធន៍និងមេរៀនទៅថ្ងៃក្រោយ តែយ៉ាងណានាងក៏មិនអស់សង្ឃឹមឡើយ ។មិនតែប៉ុណ្ណោះ មាស សុខសោភា ក៏បានផ្តាំដល់មហាជនថាមុននឹងវិនិយោគទៅលើកការទិញដី ឬបុរីនានា ត្រូវមានការប្រុងប្រយ័ត្នកុំឱ្យដូចរូបនាង ។
ទោះបីជាយ៉ាងនេះក្តីតារាចម្រៀង មាស សុខសោភា មិនបានបញ្ជាក់ពីឈ្មោះក្រុមហ៊ុនខ្យល់ដែលអ្នកនាងបានវិនិយោគចំពោះការទីញដី ឬបុរីឡើយ ។ ក្នុងនោះទំហំទឹកប្រាក់ដែលបានបាត់បង់ដោយក្រុមហ៊ុនខ្យល់ទាំងនោះក៏នាងមិនបានប្រាប់ដែរដោយគ្រាន់តែទម្លាយថាមានទំហំទឹកប្រាក់រាប់សែនដុល្លារ ព្រោះដីដែលនាងបានទិញមានច្រើនកន្លែង តែកន្លែងខ្លះក៏កំពុងដោះស្រាយផងដែរ ។ មាស សុខសោភា បាននិយាយថានាងជាមនុស្សដែលស្រឡាញ់ចំពោះការទិញអចលទ្រព្យទើបជួបរឿងបែបនេះ ។
ចុងក្រោយនេះតារាចម្រៀង មាស សុខសោភា ហាក់មិនសូវសម្រុកជាមួយអាជីពលក់សំនៀងដូចប៉ុន្មានឆ្នាំមុនឡើយដោយនាងងាកមកពង្រឹងមុខជំនួញលក់ផលិតផលរក្សាសម្រស់វិញម្តង។ មួយរយៈមុននាងក៏បានបញ្ចេញបទចម្រៀងថ្មីដែលមានចំណងជើងថា«មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ » តែយ៉ាងណាបទនោះត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្នើសុំឱ្យលុបចោលវិញភ្លាមៗដែរ៕