ក្រោយបានឃើញកុមារីកូនកាត់មួយក្រុមដែលកំពុងរស់នៅខេត្ពព្រះសីហនុ ដែលពួកគេសុទ្ធតែមានឪពុកជាជនបរទេស តែពួកគេជាកូនកំព្រាឪពុកដោយរស់នៅជាមួយម្តាយក្នុងជីវភាពក្រីក្រ ។ ប៉ុន្តែកុមារីកូនកាត់ទាំងនោះសុទ្ធតែមានក្តីស្រមៃចង់ក្លាយជាអ្នកសិល្បៈដោយអ្នកខ្លះចង់ក្លាយជាតារាចម្រៀង តារាម៉ូឌែល អ្នករាំ និងសម្តែងជាដើម ។ ក្នុងនាមជាគ្រូបង្ហាញម៉ូឌដែលមានឈ្មោះល្បីលោក អូលីវ៉ា គង់ សន្យាថានឹងជួយសម្រេចក្តីប្រាថ្នារបស់កុមារីកូនកាត់ទាំងនោះ។
មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះគេបានឃើញកុមារីកូនកាត់មួយក្រុមដែលរស់នៅក្នុងខេត្តព្រះសីហនុដែលជាកូនកាត់អង់គ្លេស អាឡឺម៉ង់ ឥណ្ឌា និងន័រវេសជាដើម ។ ក្នុងនោះកុមារីមួយរូបដែលមានមុខមាត់ស្រស់ស្អាតដែលមានឈ្មោះថា ឡែនស៊ី មានវ័យ ៨ឆ្នាំកំពុងទទួលបានចូលចិត្តនិងអាណិតអាសូរពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបានឃើញក្មេងស្រីតូចរូបនេះដើរលក់សណ្តែកដីនៅតាមតំបន់ឆ្នេរសមុទ្រ ។
អ្វីដែលគួរឱ្យកត់សម្គាល់កុមារីកូនកាត់ទាំងនោះភាគច្រើនមនបំណងប្រាថ្នាចង់ក្លាយជាអ្នកសិល្បៈដែលមានដូចជាតារាចម្រៀង ដើរម៉ូឌ និងសម្តែង និងអ្នករាំជាដើម ។
ជាមួយគ្នានោះដែរគេសង្កេតឃើញលោក អូលីវ៉ា គង់ ដែលជាគ្រូបង្ហាញម៉ូឌដែលកំពុងមានឈ្មោះបោះសំឡេងនោះបានទៅជួបកុមារីកូនកាត់ទាំងនោះនៅខេត្តព្រះសីហនុ ។ ជាមួយនឹងក្តីស្រឡាញ់លោក អូលីវ៉ា គង់ បាននាំយកនូវថវិកាក៏ដូចជានំចំណីផ្តល់ឱ្យពួកគេគ្រប់គ្នា ។
អ្វីដែលធ្វើឱ្យមហាជនមានការរំភើបជំនួសកុមារីកូនកាត់ទាំងនោះដោយលោក អូលីវ៉ា គង់ បានសន្យាថា បើទោះជាមានឧបសគ្គបែបណាក្តីលោកនឹងបណ្តុះបណ្តាលជំនាញសិល្បៈ ជាពិសេសការដើរម៉ូឌដល់ពួកគេដើម្បីឱ្យកុមារីទាំងនោះបានសម្រេចក្តីស្រមៃរៀងខ្លួន ។ ទឹកចិត្តដ៏ប្រពៃ និងទូលាយរបស់លោក អូលីវ៉ា គង់ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការកោតសរសើរនឹងចូលរួមត្រេកអរជំនួសកុមារីទាំងនោះហើយរំពឹងថាទៅថ្ងៃអនាគតកុមារីកូនកាត់ទាំងនោះនឹងអាចកែប្រែវាសនារបស់ពួកគេឱ្យចាកផុតពីភាពក្រីក្រ៕