ភ្នំពេញ៖ ក្រុមហ៊ុន Meta Platform Inc. បានសម្រេចមិនដាក់ពិន័យចំពោះ Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន តាមការស្នើរបស់សមាជិកក្រុមប្រឹក្សាត្រួតពិនិត្យនោះឡើយ ហើយក្រសួងអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន Facebook អាចបន្តបំពេញការងារនៅកម្ពុជាតទៅទៀត។
នេះបើតាមការប្រកាសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយបបានបញ្ជាក់ថា ក្រុមហ៊ុន Meta Platforms Inc. បានបដិសេធនូវការផ្ដល់អនុសាសន៍របស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ចំនួន ២២រូប ដែលបានស្នើឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ពាក់ព័ន្ធនឹងសេចក្តីសម្រេចនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានបញ្ជាក់បន្ថែមដូចតទៅ៖
១៖ ក.ប.ទ. សូមទទួលយកនិងអបអរសាទរ ចំពោះការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន Meta Platforms Inc.។
២៖ ការសម្រេចនេះ គឺបញ្ជាក់អំពីសុចរិតភាពនៃការផ្សព្វផ្សាយមាតិកាព័ត៌មានលើគណនី Facebook ផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
៣៖ ក.ប.ទ. សូមស្វាគមន៍ចំពោះតំណាងក្រុមហ៊ុន Meta Platforms Inc. ដើម្បីបន្តបំពេញការងារនៅកម្ពុជាតទៅទៀត។
៤៖ ក.ប.ទ. មិនស្វាគមន៍ចំពោះបុគ្គលទាំង ២២រូប ជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ដែលបានផ្ដល់អនុសាសន៍ដ៏អាក្រក់មានចរិតនយោបាយ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៕