បន្ទាប់ពីលោកហ៊នបានផ្សព្វផ្សាយពាក់ព័ន្ធនឹងការសាងសង់ផ្លូវនៅក្រុងបាវិតរួចមក ខាងរដ្ឋបាលខេត្តស្វាយរៀងចេញសេចក្ដីបំភ្លឺ តែត្រូវបានលោកឆ្លើយតប និងលើកឡើងរឿងរ៉ាវមួយចំនួនទាក់ទងនឹងមេធាវី រហូតមកដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ត្រូវបានលោកស្នងការរង លោក ឧត្តមសេនីយ៍ត្រី កុយ សុភាពចេញលិខិតកោះហៅចូលខ្លួនមកឆ្លើយបំភ្លឺជូនសមត្ថកិច្ច ទាក់ទិននឹងពាក្យបណ្ដឹងរបស់មេធាវីពីបទបរិហាកេរ្តិ៍ជាសាធារណៈ។
តែជុំវិញនឹងរឿងនេះត្រូវបានលោកផែង វណ្ណៈ អតីតមន្រ្ដីជំនាញព្រហ្មទណ្ឌមួយរូបបានចេញមកលើកឡើង ពន្យល់ពីតួនាទី និង ភារកិច្ចរបស់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយក្នុងនោះលោកបានរៀបរាប់ឱ្យដឹងថា៖
«ខ្ញុំសំណូមពរ ទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលទទួលបណ្ដឹង មេធាវី ប្ដឹង អ្នកកាសែត ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ដែលជាបទលហុ មិនមែនជាបទឧក្រិដ្ឋ មិនគួរ អោយ សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចាត់ការបណ្ដឹងនេះទេ អាចជា តួនាទីរបស់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឬ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ចាត់ការវិញ ។
តួនាទី និង ភារកិច្ចរបស់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចាត់ការតែលេីបទឧក្រិដ្ឋធំៗ ដូចជា ករណី ឃាតកម្ម ករណីប្លន់ប្រដាប់អាវុធ ករណីចាប់ជំរិត ។ ល ។ តែប៉ុណ្ណោះ ។
ពីអតីតមន្រ្ដីជំនាញព្រហ្មទណ្ឌមួយរូប »
សូមជម្រាបជូនថា កាលពី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីបំភ្លឺមួយថា លោកហ៊ន បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងមានចរិតញុះញង់ឱ្យសាធារណជនមានការរើសអើងដល់មន្ត្រីសាធារណៈ ដែលបុគ្គលរូបនេះអាចប្រឈមនឹងផ្លូវច្បាប់ជាធរមាន។
តាមរយៈសេចក្ដីបំភ្លឺរបស់ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនដំណឹងដល់សាធារណជន ជ្រាបថា ករណីបុគ្គល ឈ្មោះ ផាត់ ហ៊ន ដែលបានធ្វើការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម Facebook ដែលមាន ឈ្មោះ KH Plus News ពាក់ព័ន្ធនឹងការសាងសង់ផ្លូវស្ថិតនៅឃុំដូង ស្រុករមាសហែក និងសង្កាត់ ច្រកម្ទេស ក្រុងបាវិត ដែលអនុវត្តក្រោមគម្រោងមូលនិធិឃុំ សង្កាត់ នារយៈពេលកន្លងមក រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការបញ្ជាក់បំភ្លឺដូចខាងក្រោម ៖
១.ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងការស្ថាបនាផ្លូវស្ថិតនៅឃុំដូង ស្រុករមាសហែក និងផ្លូវនៅសង្កាត់ច្រកម្ទេស ក្រុងបាវិត កំពុងតែស្ថាបនាពុំទាន់រួចរាល់ ការផ្សព្វផ្សាយរបស់បុគ្គល ឈ្មោះ ផាត់ ហ៊ន គឺធ្វើក្នុងអំឡុងពេលសាងសង់ដែលអ្នកបច្ចេកទេសមិនទាន់បានចុះត្រួតពិនិត្យ នៅឡើយ។ ក្រោយពីមានការត្រួតពិនិត្យពីអ្នកបច្ចេកទេស គឺការសាងសង់ធ្វើឡើងត្រឹមត្រូវតាម លក្ខណៈបច្ចេកទេសដោយមានមេឃុំ ចៅសង្កាត់ជាម្ចាស់គម្រោង និងមានការត្រួតពិនិត្យពីមន្ត្រី បច្ចេកទេសរដ្ឋបាលខេត្ត បញ្ជាក់ថាត្រឹមត្រូវ។
២.ការផ្សព្វផ្សាយរបស់បុគ្គលឈ្មោះ ផាត់ ហ៊ន ធ្វើក្នុងនាមជាបុគ្គលឯកជនប៉ុណ្ណោះ។ ដោយហេតុថា គេហទំព័រ ខេអេច ផ្លាស ញូស៍ (KH Plus News) របស់លោក ផាត់ ហ៊ន បាន ហួសសុពលភាពរួចហើយកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ដោយពុំទាន់មានអាជ្ញាប័ណ្ណថ្មីបន្ត។
៣.ករណីការផ្សាយរបស់បុគ្គលឈ្មោះ ផាត់ ហ៊ន នេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងមានចរិតញុះញង់ឱ្យសាធារណជនមានការរើសអើងដល់មន្ត្រីសាធារណៈ ដែល បុគ្គលរូបនេះអាចប្រឈមនឹងផ្លូវច្បាប់ជាធរមាន។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម សាធារណជន ជ្រាបជាព័ត៌មាន ។