ក្រោយពីស្ថាប័ន Miss Universe បានសម្រេចបើកសិទ្ធឱ្យស្រ្តីដែលមានគ្រួសារក៏ដូចជាមានកូន អាចចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួតសម្រស់មួយនេះបានធ្វើឱ្យអ្នកម្តាយកូនពីរមួយរូបបានសម្រេចដាក់ពាក្យចូលរួមប្រកួតនៅក្នុងកម្មវិធីនេះដោយជឿជាក់ ។ ប៉ុន្តែយ៉ាងណាសម្រស់របស់អ្នកម្តាយកូនពីររូបនេះបានធ្វើឱ្យមហាជនមានការលាន់មាត់សរសើរគ្រប់គ្នា ។
ដោយសារសមត្ថភាពរួមជាមួយនឹងរូបសម្រស់ជាដើមទុនផងនោះបានធ្វើឱ្យបេក្ខនារីដែលមានឈ្មោះថា តូច ស៊ីណេ បានសម្រេចដាក់ពាក្យចូលរួមប្រកួតនៅក្នុងកម្មវិធីប្រឡងបវរកញ្ញាចក្រវាឡឆ្នាំ ២០២៣ នេះដែលអ្នកនាងតំណាងឱ្យខេត្តព្រះសីហនុ។ ដ្បិតជាអ្នកម្តាយដែលមានកូនដល់ទៅពីរនាក់ក្តី តែអ្នកនាង តូច ស៊ីណេ មានរូបរាងតូចស្រឡូនដោយមានកម្ពស់ 170cm។
តូច ស៊ីណេ ជាបេក្ខនារីដំបូងដែលមានភាពក្លាហាននិងជឿជាក់ដែលហ៊ានដាក់ពាក្យប្រកួតប្រជែងនៅក្នុងកម្មវិធីសម្រស់មួយនេះបើទោះអ្នកនាងមានស្វាមីនិងមានកូនដល់ទៅពីរនាក់ក៏ដោយ។
បើក្រឡេកមកមើលសមត្ថភាពរបស់បេក្ខនារី តូច ស៊ីណេ ក៏មិនអន់ប៉ុន្មានដែរពោលក្រៅពីភាសាកំណើតអ្នកនាងអាចនិយាយភាសាបរទេសដែលមានដូចជា អង់គ្លេស និងចិន ហើយអ្នកនាងក៏បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យសង្គមកិច្ច ។
អ្វីដែលគួរឱ្យកត់សម្គាល់កន្លងមកអ្នកនាងក៏ធ្លាប់បានធ្វើការនៅក្នុងស្ថាប័នប្រកួតប្រជែងសម្រស់នេះផងដែរ។ ការបង្ហា ញវត្តមានរបស់អ្នកម្តាយកូនពីររូបនេះក៏ទទួលបានការគាំទ្រនិងលាន់មាត់សរសើរពីសំណាក់មហាជនជាច្រើននូវភាពក្លាហានរបស់អ្នកនាង ហើយរំពឹងថាអ្នកនាងនឹងអាចសម្រេចក្តីស្រមៃរបស់ខ្លួនបាននៅក្នុងកម្មវីធីមួយនេះ ៕