header ads

Sponsor

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យពិនិត្យការតែងតាំងមេប៉ុស្តិ៍ម្នាក់នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់មានព័ត៌មានថា មេប៉ុស្តិ៍រូបនេះ ធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋ។

សម្តេចធិបតី បានបញ្ជាក់តាមបណ្ដាញសង្គមយ៉ាងដូច្នេះថា៖

 «ក្រោយពីបានទទួលព័ត៌មាន​តាមប្រភព​ផ្សេងៗ​រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់​ធ្វើជាមេប៉ុស្តិ៍នៅឃុំ​សំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ខ្ញុំបានចេញបទបញ្ជា​ភ្លាម​ទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យស្រាវជ្រាវជាមួយឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិតត្រូវធ្វើការកែសម្រួលភ្លាម»

ផ្តើមចេញពីករណីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការត្រួតពិនិត្យ និងវាយ​តម្លៃ​ឱ្យ​បានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឱ្យបានហ្មត់ចត់មុននឹងធ្វើ​ការ​តែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោម​ជាតិ។

យោងតាមបណ្តាញព័ត៌មាននានា បានបញ្ជាក់ថា បុរសដែលទើបនឹងតែងតាំងជាមេប៉ុស្តិ៍សំព្រោជនេះ មានឈ្មោះ ហុង សារ៉ុម ធ្លាប់មានប្រវត្តិមិន​ល្អ ជាប់ពាក់ព័ន្ធការប្លន់អ្នកលក់​មាស​​ទាំង​កណ្ដាលថ្ងៃ នៅក្នុងផ្សារស្ទោង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ ដោយអស់គ្រឿងអលង្កា​សរុបជាង១៥០តម្លឹង ម៉ូតូមួយគ្រឿង និងលុយកាក់មួយចំនួនធំផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post