តារាចម្រៀង ឈិន រតនៈ បានបង្ហាញអារម្មណ៍រំភើបខ្លាំង ក្រោយបានជួបក្មេងស្រីដែលបានជូនកាដូតុក្កតាដល់រូបនាង តែអ្វីដែលធ្វើឱ្យតារាចម្រៀងរូបនេះទប់ចិត្តមិនបាននោះគឺក្មេងស្រីរូបនេះមានស្ថានភាពក្រីក្រមិនមានលទ្ធភាពក្នុងការវះកាត់ជើងដែលកំពុងដាក់ដែកអបដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។
ដោយឃើញស្ថានភាពក្មេងស្រីរូបនេះមានការលំបាក ខ្លាំងតារាចម្រៀង ឈិន រតនៈ បានអំពាវនាវសប្បុរជនឱ្យជួយដល់ក្មេងស្រីដើម្បីអាចវះកាត់ដែកនៅជើងរបស់នាង ។
គេចាំបានថាកាលពីប៉ុន្មានថ្ងៃមុនតារាចម្រៀង ឈិន រតនៈ បានទៅសម្តែងនៅក្នុងការប្រគំតន្រ្តីមួយនៅក្នុងខេត្តតាកែវហើយត្រូវបានក្មេងស្រីម្នាក់បានជូនកាដូតុក្កតាដល់រូបនាងហើយនៅពេលនាងសួរថាចង់ថតរូបទេក្មេងស្រីរូបនោះមិនបានឆ្លើយគ្រាន់តែញញឹមហើយដើរចេញ ។ ក្រោយមកទើប ឈិន រតនៈ ដឹងថាមូលហេតុក្មេងស្រីរូបនោះមិនថតដោយសារនាងមិនមានទូរស័ព្ទ ។
ដោយសារទឹកចិត្តរំភើបនឹងចង់ចែករំលែកក្តីស្រឡាញ់ជាមួយក្មេងស្រីរូបនេះតារាចម្រៀង ឈិន រតនៈ បានទៅដល់ផ្ទះក្មេងស្រីរស់នៅនឹងនាំយកសម្ភារៈមួយចំនួនសម្រាប់នាងតូច ។ ប៉ុន្តែអ្វីដែលធ្វើឱ្យតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះរំជួលចិត្តរហូតស្រក់ទឹកភ្នែកនោះក្មេងស្រីរូបនេះដើរសុំប្រាក់គេតាមផ្សារនិងបេះបន្លែបន្តិចបន្តួចលក់ដើម្បីបានប្រាក់ ។
ក្រោយបានជួបក្មេងស្រីនោះដោយផ្ទាល់ ឈិន រតនៈ បានបង្ហោះសំណេរថា«ថ្ងៃនេះនាងខ្ញុំបានមកជួបប្អូនស្រីដែលជាម្ចាស់កាដូតុក្តាកាលពីថ្ងៃមុនហើយខ្ញុំបានយកកាដូរនិងថវិកាខោអាវ បន្តិចបន្តួចមកចែករំលែកក្តីស្រលាញ់ជាមួយគាត់ គាត់មានឈ្មោះ ស្រីនឿន នៅពេលដែលខ្ញុំបានមកជួបគាត់ផ្ទាល់ ទើបដឹងថាជីវភាពរបស់គ្រួសារគាត់លំបាកខ្លាំងណាស់ នៅពេលដែលឃើញជើងរបស់ប្អូនស្រីខ្ញុំរំជួលចិត្តខ្លាំងណាស់ ( ជើងរបស់ប្អូនស្រីជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវអបដែករហូតគាត់មិនមានថវិកាក្នុងការដោះដែកចេញទេ ) គាត់ដើរសុំលុយគេតាមផ្សារជួនកាលបេះបន្លែលក់បន្តិចបន្តួចទាំងជើងលានដែកចេញក្រៅ ផ្ទះប្រក់សង្កីទ្រត់ទ្រោម មានបងប្អូនចំនួន 5 នាក់ ប្អូនស្រីគរទៀតសុទ្ធតែលំបាក និងមានម្តាយនិងលោកចាស់ជរាផងដែរគាត់មានទីលំនៅស្រុកគីរីវង្ស ក្បែរផ្សារទន្លាប់ ខេត្តតាកែវនាងខ្ញុំសូមអំពាវនាវដល់ពុកម៉ែបងប្អូនសប្បុរសជនទាំងអស់ សូមជួយគាត់ផង តាមសទ្ធា បន្តិចបន្តួចដើម្បីឲ្យគាត់បានព្យាបាលជើងគាត់ផង ។នេះជាលេខទូរស័ព្ទបងប្អូនជីដូនមួយរបស់គាត់ 088 92 35 467»៕