header ads

Sponsor

ក្រោយពីតារាចម្រៀង ឈិន រតនៈ បានអំពាវនាវដល់សប្បុរជនជួយដល់ក្មេងស្រីដែលក្រីក្រ បានជូនកាដូតុក្កតាដល់រូបនាងកាលពីថ្ងៃមុន ដើម្បីមានលទ្ធភាពវះកាត់ដកដែកចេញពីជើងមក។​ ពេលនេះក៏មានគ្លីនិកមួយកន្លែងបានចេញមុខជួយវះកាត់ព្យាបាលដកដែកចេញពីជើងក្មេងស្រីរូបនេះដោយមិនគិតថ្លៃដែលធ្វើឱ្យតារាចម្រៀង ឈិន រតនៈ មានការរំភើបនិងត្រេកអរជំនួសក្មេងស្រីរូបនេះជាខ្លាំង ។

បើតាមការលើកឡើងរបស់តារាចម្រៀង ឈិន រតនៈ បានឱ្យដឹងថាពេលនេះគ្លីនិកចិត្តធម៌មួយកន្លែងបានវះកាត់ដកដែកចេញពីជើងក្មេងស្រី ឈ្មោះស្រីនឿន បានដោយជោគជ័យ តែត្រូវព្យាបាលបន្តនៅមន្ទីរពេទ្យគន្ធបុប្ជាដើម្បីតាមដានជំងឺជាបន្តទៀត ។

ក្រៅពីការជួយវះកាត់ដោយមិនគិតប្រាក់ពីគ្លីនិកមួយកន្លែងនោះក៏មានសប្បុរជនមួយចំនួនបានផ្តល់ជាថវិកាជួយដល់ ស្រីនឿន ដើម្បីជួយសម្រួលដល់ជីវភាពរបស់នាងដែលកំពុងខ្វះខាត ។ ជាមួយនឹងអារម្មណ៍រំភើបតារាចម្រៀង ឈិន រតនៈ ក៏បានថ្លែងអំណរគុណដល់សប្បុរជនទាំងអស់ដែលជួយដល់ ស្រីនឿន តាមរយៈរូបនាង ហើយរំពឹងថា ស្រីនឿន នឹងបានជាសះស្បើយឆាប់ៗ ។

គួរបញ្ជាក់ថា ស្រីនឿន ជាក្មេងស្រីម្នាក់ដែលមានជីវភាពក្រីក្រដោយដើរសុំប្រាក់តាមផ្សារនិងបេះបន្លែបន្តិចបន្តួចយកទៅលក់ តែដោយសារទឹកចិត្តស្រឡាញ់ដល់តារាចម្រៀង ឈិន រតនៈ សុខចិត្តយកប្រាក់របស់ខ្លួនទិញតុក្កតាកាដូដល់តារាចម្រៀង ឈិន រតនៈ​ ដែលបានទៅច្រៀងនៅក្នុងការប្រគំតន្រ្តីមួយនៅក្នុងខេត្តតាកែវក្បែរផ្ទះរបស់នាង ។

ជាមួយនឹងទឹកចិត្ត របស់ក្មេងស្រីរូបនេះបានធ្វើឱ្យតារាចម្រៀង ឈិន រតនៈ ចំណាយពេលទៅជួបក្មេងស្រីដល់ផ្ទះដើម្បីបង្ហាញក្តីស្រឡាញ់និងរំជួលចិត្តជាខ្លាំងដោយឃើញស្ថានភាពលំបាករបស់ ស្រីនឿន  ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post