បុរសចំណាស់ម្នាក់អង្គុយក្នុងផ្ទះរួចយកជំពាមកៅស៊ូដាក់គ្រាប់ឃ្លីដែកសម្ងំចាំបាញ់កុមារីម្នាក់ ដែលកំពុងជិះស្គីលេងជាមួយក្មេងៗផ្សេងទៀត នៅលើផ្លូវបេតុងមុខផ្ទះបណ្ដាលឱ្យរងរបួសក្រោមភ្នែកខាងស្តាំយ៉ាងដំណំ សង្ស័យជាករណីខឹងកុមារីរូបនោះឈ្លោះគ្នាជាមួយចៅស្រីគាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នេះនៅផ្លូវបេតុង ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យ ឈ្មោះ ង្វៀង ចាំងងី ហៅ ហេង ផល្លា អាយុ ៦៣ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅផ្ទះកេីតហេតុខាងលើ មុខរបរនៅផ្ទះ។
បើតាមប្រភពពីអាណាព្យាបាលកុមារីរងគ្រោះបានប្រាប់ឱ្យដឹងថា រូបគាត់ជាអ្នករស់នៅភូមិជាមួយគ្នាជាមួយបុរសចំណាស់ខាងលេី ប៉ុន្តែមិនធ្លាប់មានជម្លោះនឹងគ្នាឡើយ ដែលប្រមាណជា៥ខែកន្លងទៅកុមារីរងគ្រោះ និងចៅស្រីបុរសចំណាស់ខាងលេីបានលេងជាមួយគ្នា ហើយឈ្លោះគ្នារវាងក្មេង និងក្មេងមិនរាលដល់មនុស្សចាស់ឡេីយ បន្ទាប់មកបុរសចំណាស់រូបនោះមិនអនុញ្ញាតអោយចៅស្រីគាត់ចេញមកលេងជាមួយក្មេងៗផ្សេងទៀតឡើយ។
ស្រាប់តែនៅល្ងាចថ្ងៃកេីតហេតុយោងតាមកាមេរ៉ាសុវត្ថិភាពពីផ្ទះប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឃេីញសកម្មភាពក្រុមក្មេងបានរត់ប្រលែងគ្នា ក្នុងនោះក៏ចៅស្រីបុរសចំណាស់ខាងលេីផងដែរ ចំណែកកុមារីរងគ្រោះក៏លេងជាមួយគ្នាដែរ ប៉ុន្ដែជិះកង់ស្គីឆ្លងកាត់មុខផ្ទះបុរសចំណាស់ខាងលេីទៅវិញទៅមក។ ហើយកាមេរ៉ាសុវត្ថិភាពបានថតជាប់សកម្មភាពបុរសចំណាស់ជាជនសង្ស័យរូបនោះអង្គុយសម្ងំក្នុងផ្ទះ យកជំពាមកៅស៊ូបាញ់គ្រាប់ឃ្លីដែកសំដៅមកលេីកុមារីរីរងគ្រោះ ខណៈដែរកុមារីរងគ្រោះជិះស្គីឆ្លងកាត់មុខផ្ទះ គាត់បានបាញ់ជំពាមចំនួន៣ដងទៅហើយតែមិនត្រូវ ហេីយនៅបន្តចាំបាញ់រហូតដល់គ្រាប់ទី៤ក៏ត្រូវកុមារីរងគ្រោះចុមក្រោមភ្នែកខាងឆ្វេងធ្លុះសាច់រងរបួស ត្រូវបានអាណាព្យាបាលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
នៅល្ងាចថ្ងៃកេីតហេតុនោះអាណាព្យាបាលកុមារីរងគ្រោះបានប្រមូលបានវត្ថុតាងគ្រាប់ឃ្លីដែកចំនួន៣គ្រាប់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក។
បន្ទាប់ពីទទួលពាក្យបណ្ដឹងសមត្ថកិច្ចបានចុះទៅស្រាវជ្រាវនិងធ្វើកំណត់ហេតុប្រមូលភស្តុតាងរហូតដល់រសៀលថ្ងៃទី១២ខែកញ្ញាសមត្ថកិច្ចបានឃាត់ខ្លួនបុរសចំណាស់រូបនោះនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកចាត់ការបន្តតាមនិតិវិធី តែបុរសខាងលើនេះបានបដិសេធមិនបានធ្វើទេ ទោះកាមេរ៉ាសុវត្ថិភាពថតជាប់សកម្មភាព គាត់ស្តែងៗប៉ុណ្ណឹងទៅហើយនោះ៕