header ads

Sponsor

ម្ចាស់ជ័យលាភីលេខ១ កម្មវិធីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី១ លោក ប៊ុត សីហា និង​បក្ខពួក​ម្នាក់​ទៀត ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី ​ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​នៅ​ម៉ោង​០៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣នេះ ពាក់ព័ន្ធនឹងការរក្សាទុកគ្រឿងញៀន នៅ​ចំណុច​ភូមិ​ត្រាំខ្នា ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

បើតាមប្រភពព័ត៌មានពីមន្ត្រី​នគរបាល​ស្រុក​គងពិសី ថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាពបានឱ្យដឹងថា ​ជនសង្ស័យ​ចំនួន​០២​នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរួម​មាន ៖

ទី០១- ឈ្មោះ ឆ​ន វល្លិ​ន ភេទ ប្រុស អាយុ​៣៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រាំខ្នា ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី​។

​ទី​០២-​ឈ្មោះ ប៊ុត សីហា ភេទ ប្រុស អាយុ​២៩​ឆ្នាំ មុខរបរអ្នកចម្រៀង រស់នៅ​ភូមិ​ព្រះ​ម្លប់ ឃុំ​ភា​រី​មាន​ជ័យ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

នៅមុនពេលឃាត់ខ្លួន ក្រុម​ជនសង្ស័យខាងលើនេះ ​កម្លាំងសមត្ថកិច្ចបាន​ធ្វើការ​ល្បាត​តាម​មូលដ្ឋាន ដោយប្រទះ​ឃើញ​ក្រុម​ជនសង្ស័យ​ទាំង​ពីរ​នាក់ ​មានការ​សង្ស័យ ក៏​ឃា​ត់​សួរនាំ ព្រមទាំង​ឆែកឆេរ ទើប​រក​ឃើញ​ និង​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន ចំនួន​០៥​កញ្ចប់ ​តូចចំនួន០៣ ​និង​មធ្យម​ចំនួន០២កញ្ចប់, ទូរ​សព្ទ​០៣​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន​នេះ ក្រុម​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​ការិយាល័យ​ជំនាញ កំពុង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ។

សូមបញ្ជាក់ថានេះជាលើកទី២ដែលតារាចម្រៀងរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈលើកទី១ការចាប់ខ្លួនលោក ប៊ុត សីហា បានធ្វើឡើងនៅវេលាម៉ោងប្រមាណ ៥ និង៣០នាទីល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post