header ads

Sponsor

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ទាក់ទងនឹងការសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម  ដោយសម្រេចផ្អាកការផ្ដល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់សម្ដេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ថ្មីៗនេះមានការផ្សព្វផ្សាយពត៌មានមួយចំនួន ពាក់ពន្ធ័នឹងការតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោម ប្រជាពលរដ្ឋ ដែលបាន និងកំពុងប្រកបអាជីវកម្ម, មុខរបរ និង ការងារ តូចតាចនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្រោយពីបានពិភាក្សាជាមួយ ឯឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខ្ញុំបានចេញសេចក្តីសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្ម ដូចមានចែងនៅក្នុងសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី ខាងក្រោមនេះ។

ទន្ទឹមនេះដែរ, ខ្ញុំក៏សូមឆ្លៀតយកឱកាសនេះបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុត ក្នុងការបង្កលក្ខណៈងាយស្រួល, ព្រមទាំងផ្តល់ប្រយោជន៍, ថែបំប៉ន និងលើកកម្ពស់ការយល់ដឹង ដល់អ្នកប្រកបអាជីវកម្ម, មុខរបរ និងការងារ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ ដែលនឹងត្រូវឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post