ខណៈរឿងរ៉ាវរបស់លោក បឺត សំរេច ប្រកាសខ្លួនជាកូនរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ជិតដល់វគ្គបញ្ចប់ក្រោយសាច់ញាតិ ជាពិសេសក្មួយរបស់អធិរាជត្រៀមតបតជាមួយ បឺត សំរេច ក្តី តែលោកយាយ ខាវ ថតញ៉ុត នៅតែប្រកាន់ជំហរមិនចង់ដឹងឮរឿងអ្វីឡើយពោលចង់រស់នៅដោយភាពស្ងប់សុខនៅក្នុងជីវិតចុងក្រោយ ។
ដ្បិតមានការប្រើពាក្យមិនសមរម្យទៅលើលោក យាយ ខាវ ថងញ៉ុត ពីសំណាក់មហាជន ក្រោយលោកយាយមិនឱ្យកូនស្រីច្បងធ្វើតេស្តDNA ជាមួយលោក បឺត សំរេច ក្តី តែក្រុមគ្រួសារលោកយាយនៅតែបន្តរស់នៅដោយភាពស្ងប់ស្ងាត់មិនមានការចេញប្រតិកម្មអ្វីទាំងអស់មិនថាតាមបណ្តាញសង្គមឬសារព័ត៌មានឡើយ ។
ប៉ុន្តែថ្មីៗនេះលោក សុះ ម៉ាច បានឱ្យដឹងថាក្មួយរបស់លោក ស៊ីន ស៊ីសាមុត ត្រៀមឯកសារភស្តុតាងសម្រាប់តបតជាមួយលោក បឺត សំរេច ហើយដែលការពិតនឹងត្រូវលាតត្រដាងនៅក្នុងពេលដ៏ខ្លីខាងមុខនេះថាតើសម្តីរបស់លោក បឺត សំរេច ជាការពិតឬកុហកដើម្បីស្វែងរកលាភសក្ការៈណាមួយ ។ ទោះវាំងននត្រៀមបើកក្តី តែភរិយាលោក ស៊ីន ស៊ីសាមុត នៅតែនិយាយថា«លោកយាយនិយាយចង់នៅដោយស្ងប់សុខជុំកូនចៅឱ្យបានយូរមិនចង់ដឹងឮរឿងអ្វីទាំងអស់ »។
បើតាមការលើកឡើងរបស់លោក សុះ ម៉ាច ដែលទើបក្លាយជាកូនធម៌របស់លោកយាយ ខាវ ថងញ៉ុត កាលពីពេលថ្មីៗនេះបានឱ្យដឹងថា សព្វថ្ងៃលោកយាយ មានជំងឺមហារីកដែលត្រូវការប្រើប្រាស់ថ្នាំជាប្រចាំ ។ មួយវិញទៀតចាប់តាំងពីកើតរឿងលោក បឺត សំរេច ប្រកាសជាកូនឥតខាន់ស្លារបស់លោក ស៊ីន ស៊ីសាមុត រួមនឹងការប្រើពាក្យពេចន៍អសុរោះមកលើលោកយាយនាពេលកន្លងមកបានធ្វើឱ្យលោកយាយពិបាកចិត្តខ្លាំង។ សព្វថ្ងៃលោកយាយក៏មានវ័យ ៨៦ឆ្នាំ ជាវ័យជរាណាស់ហើយ៕