header ads

Sponsor

មហាជនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងករណីឆក់ទូរសព្ទពីតារាសម្តែងស្រីនៅខណ្ឌបឹងកេងកង ដែលជនសង្ស័យរូបនេះមានប្រវត្តិឆក់ជាហូរហែ ព្រមទាំងត្រូវបានសមត្ថកិច្ចបង្ក្រាបបានរួចបញ្ជូលទៅតុលាការផ្ទន្ទាទោសជាច្រើនលើកច្រើនសារមកហើយ។

ជនសង្ស័យដែលទើបត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ មានឈ្មោះ ចាន់​ សុខពៅ ហៅ​ ពៅម៉ាប់​ ភេទប្រុស ជនជាតិ​ខ្មែរ​ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិតប្រាកដ​ (មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់ នៅចំណុច SKY ម៉ាស្សា ​ ផ្លូវ​លេខ​៣១០ ភូមិ​១​ សង្កាត់បឹងកេងកងទី២​ ខណ្ឌបឹងកេងកង​ កាលពី​ថ្ងៃទី១៥​ ខែកញ្ញា ឆ្នាំ​២០២៣។ 

អ្វីដែលកាន់តែហួសចិត្តទៀតនោះ ទោះបីជាធ្លាប់ត្រូវបានផ្ទន្ទាទោសជាប់ពន្ធនាគារច្រើនដងមកហើយក្ដី តែជននេះហាក់មិនកែខ្លួនសោះ ដោយនៅតែបន្តសកម្មភាពឆក់ជាហូរហែ ជាក់ស្ដែងបើយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន កាលពីឆ្នាំ២០១៤ បានឱ្យដឹងថាជននេះ មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារមុនដីកានេះទៀត។

ដីកាបង្គាប់ឱ្យឃុំខ្លួនកាលពីឆ្នាំ២០១៦ ត្រូវបានតុលាការសម្រេចឃុំខ្លួនពីបទ «លួចមានស្ថានទម្ងន់ទោស»។

ដីកាបង្គាប់ឱ្យឃុំខ្លួនកាលពីឆ្នាំ២០១៧ ត្រូវបានតុលាការសម្រេចឃុំខ្លួនពីបទ«លួច» ។

ដីកាបង្គាប់ឱ្យឃុំខ្លួនកាលពីឆ្នាំ២០១៩ ត្រូវបានតុលាការសម្រេចឃុំខ្លួនពីបទ «លួចមានស្ថានទម្ងន់ទោស»។

នេះបើយោងតាមដីកាដែលអង្គភាពយើងទទួលបាន ដោយឡែកបច្ចុប្បន្នជនសង្ស័យ​ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរ​បាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំ​រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post