ជឿជាក់ថាមហាជនទាំងអស់ប្រហែលជានៅចងចាំបានលោកគ្រូជោគជ័យ សៀវ សុផល ដែលផ្តល់យុទ្ធសាស្រ្តដល់តារាកំប្លែង ខ្ញុង ឱ្យរួចផុតពីបំណុលដោយការសុំជំនួយពីមហាជននាពេលកន្លងមក ។ ស្រាប់តែថ្មីៗនេះលោកគ្រូជោគជ័យរូបនេះបានប្រកាសនឹងរៀបចំយុទ្ធសាស្រ្តទីផ្សារដល់អភិបាលខេត្តដើម្បីស្រូបទាញអ្នកវិនិយោគ ។
បន្ទាប់ពីទទួលរងការរិះគន់ពីសំណាក់មហាជនក្រោយពីបានចេញមុខរៀបចំយុទ្ធសាស្ត្រឱ្យតារាកំប្លែង ខ្ញុង មក លោកគ្រូ សៀវ សុផល ហាក់មិនមានសកម្មភាពអ្វីថ្មីនៅតាមបណ្តាញសង្គមឡើយ ។ ប៉ុន្តែថ្មីៗនេះនៅពេលដែលនាយករដ្ឋមន្ត្រីថ្មី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យគ្រប់អភិបាលខេត្តចេះទាក់អ្នកវិនិយោគដើម្បីអភិវឌ្ឍខេត្តខ្លួន។
ស្រាប់តែលោកគ្រូ សៀវ សុផល បានបង្ហោះសំណេរឡើងថា« ការរៀបចំផែនការយុទ្ឋសាស្ត្រទីផ្សារ សរសេរពាក្យផ្សព្វផ្សាយ ស្រូបទាញអ្នកវិនិយោគ ទាំងក្នុងស្រុក និង អន្តរជាតិ ចូលមកវិនិយោគជារឿងសំខាន់ ខ្ញុំមានជំនាញនិងបទពិសោធន៍កន្លងមក។ ខ្ញុំមានបំណងក្នុងការជួយសង្គមជាតិបើសិនឯកឧត្តម អភិបាលខេត្តត្រូវការយោបល់ខ្លះពីខ្ញុំបាទខ្ញុំនិងជួយអោយអស់លទ្ធភាព។ សូម ឯ.ឩ. ទាក់ទងមកខ្ញុំ telegram 081686820 និង mobile 012333387»។
ជុំវិញការលើកឡើងរបស់លោកគ្រូ ជោគជ័យ សៀវ សុផល ក៏មានមតិមួយចំនួនបានគាំទ្រ ហើយក៏មានមតិខ្លះបានខមិនបែបចំអក តែលោកគ្រូបានតបថាសុំឱ្យគិតបែបវិជ្ជមានមកលើលោកគ្រូ។ ទោះបីបែបនេះក្តីគេមិនទាន់ដឹងថាតើមានអភិបាលខេត្តប៉ុន្មាននាក់ដែលមានចំណាប់អារម្មណ៍ទាក់ទងទៅលោកគ្រូនោះទេ ៕