header ads

Sponsor

មានការចាប់អារម្មណ៍ខ្លាំង ខណៈក្រសួងសុខាភិបាល សហការជាមួយអាជ្ញាធរ ចុះទៅបិទទីតាំងលក់ឱសថបុរាណ​របស់លោក ស៊ូ សេងហួរ បន្ទាប់ពីធ្វើសកម្មភាពមិនប្រក្រតី និងលក់ឱសថបុរាណ នៅលើបណ្ដាញសង្គម ក្នុងនោះក្រសួងបញ្ជាក់ថា មិនមានច្បាប់​អនុញ្ញាតពីក្រសួងឡើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កន្លងមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួង​សុខាភិបាល និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចុះទៅធ្វើការអប់រំ និងផាក​ពិន័យលោក ស៊ូ សេងហួរ ចំពោះករណីផ្សព្វផ្សាយការព្យាបាលជំងឺ ចែកចាយ និងលក់ឱសថ​បុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបើកទីតាំងអគារឱសថបុរាណថ្មី​ដោយ​គ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន២ដងរួចមកហើយ នៅខែមីនា និងខែឧសភា ឆ្នាំ២០២៣។

ក្រសួងបន្តថា ទោះបីជាធ្លាប់បានសន្យាថា បញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ ក៏លោក ស៊ូ សេង​ហួរ នៅតែបន្តផ្សព្វផ្សាយ តាមបណ្តាញសង្គមហ្វេសប៊ុកនូវការព្យាបាលជំងឺមិនប្រក្រតី និងលក់​ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។

«ដោយសង្កេតឃើញនូវសកម្មភាពទាំងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បាន​សហ​ការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះទៅបិទបញ្ឈប់សកម្មភាពខុសច្បាប់ និងណែនាំលោក ស៊ូ សេង​ហួរ ឱ្យលុបវីដេអូ ផ្សព្វផ្សាយការព្យាបាលជំងឺប្រាស់ចាកការពិតទាំងអស់ចេញ​ពីបណ្ដាញ​សង្គម​ហ្វេសប៊ុកជាបន្ទាន់»។ នេះជាការបញ្ជាក់ពីវិធានការរបស់ក្រសួងសុខាភិបាលលើសកម្មភាព​របស់លោក ស៊ូ សេងហួរ។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន​ក្នុងការសម្រេចចិត្តទទួលការព្យាបាលដោយមន្ដអាគម ឬឱសថ បុរាណដែលខុសច្បាប់ និង​កុំជឿ​ការឃោសនាភូតកុហកបោកប្រាស់ទាំងនោះ តាមបណ្តាញសង្គម ឃ្លីបវីដេអូ ឬការ ផ្សព្វផ្សាយ​តៗគ្នា ដែលនាំឱ្យខាតបង់ប្រាក់ ពេលវេលា ប៉ះពាល់ដល់សុខភាព និងអាចបណ្តាល​ឱ្យគ្រោះ​ថ្នាក់ដល់ អាយុជីវិតជាយថាហេតុ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post