header ads

Sponsor

ផឹកស៊ី​ចាក់​ធុង​បាស​បង្ក​សំឡេង​រំខាន​ដល់​អ្នក​ជិតខាង​ សមត្ថកិច្ច​ចុះ​អប់រំ​ណែនាំ បែរជា​ស្ដីបន្ទោស​សមត្ថកិច្ច និង​អួតខ្លួន​ថា «​ជា​ថ្នាក់លើ និង​ខ្សែ​ធំ​ណាស់​» ត្រូវបានសមត្ថកិច្ច ខណ្ឌ​សែន​សុខ ទាំង​កណ្ដាលរាត្រីតែម្ដង។

ការចុះឃាត់ខ្លួនមនុស្សប្រុសស្រី ៥នាក់នេះ ធ្វើឡើងកាលពី​វេលា​ម៉ោង​១​ និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ក្បែរ​ផ្សារ​ក្រមួន​តាម បណ្ដោយ​ផ្លូវ​១៩៧៤ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

បើតាម​ប្រភព​ពី​សមត្ថកិច្ច បាន​រៀបរាប់​ឱ្យ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការ​ឃាត់​ក្រុម​អ្នក​ផឹកស៊ី​ទាំង​នោះ គឺ​មាន​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​រាយការណ៍​មក​ថា មាន​មនុស្ស​មួយ​ក្រុម​បាន​ជួបជុំ​ផឹកស៊ី​កម្សាន្ដ​សប្បាយ ដោយ​មានការ​ចាក់​ធុងបាសឮ​ៗ នៅ​វេលា​យប់​រំលង​អធ្រាត្រ​ទៅ​ហើយ នៅ​តែ​មិន​ព្រម​ឈប់​ទៀត ជា​ហេតុ​បង្ក​សំឡេងរំខាន​យ៉ាង​ខ្លាំង​ៗ​។

សមត្ថកិច្ច​បន្ត​ថា បន្ទាប់​ពី​ទទួល​បានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ភ្លាម ទើប​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ​ភ្លាម​ៗ និង​បាន​ស្នើ​សុំ​ឱ្យ​ក្រុម​អ្នក​ផឹកស៊ី​ទាំងនោះ បញ្ឈប់​ការ​ចាក់​ធុងបាស​ដែល​បង្ក​ការ​រំខាន​ដល់​អ្នក​ជិតខាង​ទៀត បន្ទាប់​មក សមត្ថកិច្ច​ក៏​ជិះ​ចេញពី​ទីនោះ​ដើម្បី​បន្ត​ការ​ជិះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ជា​បន្ត​ទៀត​ មួយសន្ទុះ​ក្រោយមក ក៏​មាន​ប្រជាពលរដ្ឋ​ទូរស័ព្ទ​រាយការណ៍​ទៅ​សមត្ថកិច្ច​ម្តងទៀត​ថា ក្រុម​អ្នក​ផឹកស៊ី​ទាំងនោះ​នៅ​តែ​បន្ត​ចាក់​ធុងបាស​ឮៗ ​រំខាន​មិន​ទាន់​ឈប់​ទេ ។

សមត្ថកិច្ចបន្តទៀតថា សមត្ថកិច្ច​ក៏​ចុះ​ទៅ​ជា​លើក​ទី​២ និង​បាន​ស្នើ​សុំ​ទៅ​ពួក​គេ​ជា​លើក​ទី​២ តែ​ក្រុម​អ្នក​ផឹកស៊ី​ទាំងនោះ បែរជា​ស្ដី​ស​ន្ទោ​ស និង​ជេរ​ប្រមា​.​ថ​ទៅ​លើ​សមត្ថកិច្ច​ថា «​ផឹកស៊ី​តិចតួច​មិន​បាន​» និង​បាន​អួតខ្លួន​ថា «​ជា​ថ្នាក់លើ និង​ខ្សែ​ធំ​ណាស់​» ថែម​ទាំង​មិន​ស្ដាប់​សមត្ថកិច្ច ព្រមទាំង​ស្រែក​ឡូឡា​ផ្អើល​គេឯង​ទាំង​កណ្ដាលរាត្រី ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​អ្នក​ផឹកស៊ី​ទាំងនោះ​ភ្លាម​តែ​ម្ដង​។

បច្ចុប្បន្ន ក្រុម​អ្នក​ផឹក​ទាំង​៥​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​កាន់តែ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post