ថ្មីៗនេះលោក លាន អាព្រីលគីនីន បានចេញលិខិតស្រាយបំភ្លឺមួយ និងព្រមានចំៗដល់ស្ថាប័នសារព័ត៌មានមួយចំនួនឱ្យលុបរូបភាពដែលលោកត្រូវចាប់វាស់កម្ពស់ចេញបន្ទាន់ ដោយទុករយៈពេលត្រឹម១២ម៉ោងប៉ុណ្ណោះ ពេលគឺចាប់ពីថ្ងៃជូនដំណឹង ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២៣នេះតទៅ បើមិនលុបនឹងចាត់វិធានការផ្លូវច្បាប់។
តាមរយៈលិខិតស្រាយបំភ្លឺ និងជូនដំណឹង របស់ឈ្មោះ លាន អាហ្វីលគីនីន សូមជម្រាបមក គេហទំព័រ(Page)សារពត៌មានដែលមានឈ្មោះ TNM ពត៌មានពិតគ្រប់ទីកន្លែង២, Khmer News និង Kampuchea thmey ព្រមទាំងគេហទំព័រ(Page)សារព៌តមានដទៃទៀតដែលពាក់ពន្ធ័ សូមធ្វើការលុបចោលរាល់ការបង្ហោះវីដេអូពត៌មានដែលបានបង្ហោះ ផ្សព្វផ្សាយទាក់ទងនឹងខ្ញុំ កាលពីពេលថ្មីៗនេះ ។
តបតាមកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូនមកគេហទំព័រ(Page)សារព៌តមានទាំងអស់ ឲ្យបានជ្រាបថា៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ គេហទំព័រ(Page)សារពត៌មានឈ្មោះ TNM ពត៌មានពិតគ្រប់ទីកន្លែង២, Khmer News និង Kampuchea thmey បានបង្ហោះ(Post)នូវវីដេអូពត៌មានមួយដែលមានរូបខ្ញុំដោយខ្លឹមសារពត៌ មាននៅក្នុងនោះទៀតសោធក៏មានការពាក់ពន្ធ័និងខ្ញុំ ព្រមទាំងបានភ្ជាប់ជាមួយខ្លឹមសារ(Caption)នៃវីដេអូនោះថា« កាត់ទោសឧកញ្ញាលាន អាហ្វីលគីនីន ករណីចេញសែកស្អុយសងម្ចាស់បំណុល» ។
ខ្ញុំសូមសួរថា តើសារពត៌មាន ឈ្មោះ TNM ពត៌មានពិតគ្រប់ទីកន្លែង២, Khmer News និង Kampuchea thmey មានសិទ្ធិ និងកាតព្វកិច្ចអ្វីក្នុង ការយកពត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំមកផ្សព្វផ្សាយជាសាធារណៈបែបនេះ? ហើយទទួលបានប្រភពពត៌មានមកពីណា ច្បាស់ទេ? ឬមានចេតនាអ្វីផ្សេង? ម៉្យាងវិញទៀតបើទោះបីជារឿងនេះជាការពិតមែនក៏ដោយ ក៏ខាងសារពត៌មានពុំ មានសិទ្ធិយកមកបង្ហោះផ្សព្វផ្សាយដែរព្រោះវាជាសិទ្ធិរបស់បុគ្គល ពុំមានការពាក់ពន្ធ័ដល់ប្រយោជន៍សាធារណៈនោះឡើយ។
កាលដែលអស់លោក ធ្វើការចេញផ្សាយពត៌មានបែបនេះ គឺធ្វើឲ្យមហាជនមានការយល់ច្រលំមកលើខ្ញុំ និងមានការចូលមកបញ្ចេញមតិ(Comment) វាយប្រហារ សរសេរពាក្យអសុរោះជាច្រើនមកលើខ្ញុំ ដែលបានធ្វើឲ្យ ប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំយ៉ាងធ្ងន់ធ្ងរជាទីបំផុត ព្រមទាំងមានការពាក់ពន្ធ័ដល់រូបថតក្រុមគ្រួសារ របស់ខ្ញុំទៀតផង ។ អាស្រ័យហេតុនេះ ខ្ញុំធ្វើលិខិតស្រាយបំភ្លឺ និងជូនដំណឹងនេះដើម្បីជម្រាបដល់គេហទំព័រ(Page)សារពត៌ មានឈ្មោះ TNM ពត៌មានពិតគ្រប់ទីកន្លែង២, Khmer News និង Kampuchea thmey ព្រមទាំងគេហទំព័រ (Page)សារព៌តមានដទៃទៀតដែលពាក់ពន្ធ័ សូមធ្វើការលុបចោលការបង្ហោះ(Post) និងការចែករំលែក(Share) ទាំងអស់កន្លងមកដែលមានពាក់ពន្ធ័និងឈ្មោះរបស់ខ្ញុំព្រមទាំងក្រុមគ្រួសារ ក្នុងរយៈពេល ១២ (ដប់ពីរ) ម៉ោង គិត ចាប់ពីពេលជូនដំណឹងនេះទៅ។ ក្នុងករណីមិនមានការលុបចេញ ឬបញ្ឈប់ការបង្ហោះពាក់ពន្ធ័នឹងខ្ញុំនោះ ខ្ញុំនឹងមាន វិធានការតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជាក្នុងករណីនេះ ។