header ads

Sponsor

ដ្បិតជាតារាចម្រៀងផ្នែករ៉េបក្តី តែ វណ្ណដា ត្រូវបានគេមើលឃើញថាលោកតែងតែចូលរួមនៅក្នុងសកម្មភាពនានានៅក្នុងសាសនា។ យ៉ាងណាមិញនៅក្នុងឱកាសបិណ្ឌទីបួននេះតារារ៉េប វណ្ណដា បានបង្ហាញវត្តមាននៅក្នុងវត្តមួយស្ថិតនៅក្នុងខេត្តកណ្តាលដែលធ្វើឱ្យអ្នកគាំទ្រដែល នៅរស់នៅតំបន់នោះរំភើបខ្លាំងព្រោះធ្លាប់តែឃើញរូបភាពរបស់តារារ៉េបម្នាក់នេះតាមរយៈរូបទីងមោងនាពេលកន្លងមក ។ ក្នុងនោះព្រះសង្ឈនៅវត្តទឹកវិលបានបង្ហាញសង្ឈដីកាថារីករាយហើយក៏ជាមោទកភាពដែល វណ្ណដា មកចូលរួមក្នុងពិធីកាន់បិណ្ឌនៅវត្តទឹកវិល ។

គេចាំបានថាកាលពីអំឡុងចុងខែកក្កដាកន្លងទៅវត្តទឹកវិល ដែលមានទីតាំងស្ថិតនៅក្នុងស្រុកស្អាងខេត្តកណ្តាលទទួលបានការចាប់អារម្មណ៍ខ្លាំងដោយវត្តនេះមានការធ្វើរូបទីងមោងជារូបតារាល្បីៗដែលមានទាំងតារាចម្រៀងខែ្មរនិងតារា K POP ជាដើម ។ ក្នុងនោះទីងមោងដែលទទួលបានការគាំទ្រនិងចាប់អារម្មណ៍ខ្លាំងបំផុតគឺរូបទីងមោងតារារ៉េប វណ្ណដា ដោយមានមហាជនជាច្រើនជាពិសេស យុវវ័យនិងក្មេងៗបានថតរូបភាពជាមួយ ទីងមោង វណ្ណដា យ៉ាងកុះករ ។

អ្វីដែលកត់សម្គាល់នៅក្នុងឱកាសកាន់បិណ្ឌទីបួននៅក្នុងថ្ងៃទី ០៣នេះតារារ៉េប វណ្ណដា និងក្រុមការងារបាននាំគ្នាទៅចូលរួមនៅក្នុងពិធីកាន់បិណ្ឌនៅវត្តទឹកវិល ដែលធ្វើឱ្យបងប្អូនចំណុះជើងវត្តនោះមានការរីករាយខ្លាំងក្រោយបានឃើញអាយដលរបស់ខ្លួនពិតប្រាកដមិនមែនជារូបទីងមោងដូចកន្លងមក ។ 

ជាមួយនឹងសកម្មភាពរបស់តារារ៉េប វណ្ណដា បានធ្វើឱ្យអ្នកគាំទ្ររបស់លោកកាន់តែពេញចិត្តហើយខ្លះលាន់មាត់ថា វណ្ណដា ពិតប្រាកដបានបង្ហាញមុខនៅក្នុងវត្តទឹកវិលហើយ ។ទោះនៅវ័យក្មេងក្តី តែ វណ្ណដា បានផ្សារភ្ជាប់ខ្លួនជាមួយសាសនាដោយការចំណាយពេលស្តាប់ឱវាទព្រះសង្ឃដែលគេតែងឃើញរូបភាពនេះតាមរយៈការចែករំលែកនៅក្នុងបណ្តាញសង្គម ។ គួរបញ្ជាក់ថាវត្តទឹកវិល ស្ថិតនៅក្នុងភូមិ ទេព្វអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post