លោកផែង វណ្ណៈកោតសរសើរម្ចាស់សណ្ឋាគារមួយដែលប្រកាសស្ម័គ្រចិត្តចិញ្ចឹមបីបាច់ និងផ្គត់ផ្គង់ការសិក្សាដល់កូនស្រីឧកញ៉ា ឈាង រ័ត្ន ដែលអនិច្ចកម្មទៅថ្មីៗនេះ តែលោកគិតថាម្ដាយក្មួយស្រីមានលទ្ធភាពគ្រប់គ្រាន់ហើយ ដូច្នេះគួរប្រកាសជួយកុមារក្រីក្រដែលរស់នៅលេីគំនររាល់ថ្ងៃវិញ។
តាមរយៈការឆ្លើយតបនេះ លោកផែង វណ្ណៈ បានបង្ហោះនៅយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៣ ក្នុងនោះលោកបានរៀបរាប់ឱ្យដឹងថា៖
«ខ្ញុំពិតជាកោតសរសើរដោយស្មោះចំពោះទឹកចិត្តសប្បុរសរបស់លោកស្រី លឹម ថានី ម្ចាស់សណ្ឋាគារ១នៅខេត្តសៀមរាប ដែលមានបំណងចង់ជួយទំនុកបម្រុងដល់កូនស្រី សពឧកញ៉ា ឈាង រ័ត្ន ។ តែខ្ញុំចង់បញ្ជាក់ប្រាប់ថា ទោះបីឧកញ៉ា ឈាង រ័ត្ន ស្លាប់ទៅហេីយក្ដី ក៏នៅមានលោកស្រី នួន សុន្ទរី ហៅស្រីអូន ជាម្ដាយនៅមេីលថែដែរ ជាពិសេស លោកស្រី នួន សុន្ទរី អាចមានទ្រព្យសម្បត្តិច្រើនជាងលោកស្រីផងក៏ថាបាន ។»
លោកបានបន្ថែមទៀតថា៖ «ខ្ញុំគិតថា បេីលោកស្រីមានចិត្ត សប្បុរសពិតប្រាកដមែន លោកស្រី លឹម ថានី គួរប្រកាសជួយកុមារក្រីក្រដែលរស់នៅលេីគំនរសំរាមរាល់ថ្ងៃ ប្រសេីរជាង តោងយកល្បីពីកូនស្រីសពឧកញ៉ា ឈាង រ័ត្ន និង លោកស្រី នួន សុន្ទរី ហៅស្រីអូន ។»៕